អាជ្ញាធរមូលដ្ឋានរាយការណ៍ថា អ្នកនេសាទ៤នាក់ត្រូវបាត់ខ្លួនក្នុងឈូងសមុទ្របីប៊ូ BEIBU ក្រោយការបោកបក់មកដល់នៃព្យុះត្រូពីកាល់ឈ្មោះ BEBINCA ក្នុងខេត្ត ហៃណាន់ ភាគខាងត្បូងប្រទេសចិន ។លោក លី ហៃហ្វៃ អនុប្រធានការិយាល័យសារព័ត៌មានក្រុង QIONGZHOU គូសបញ្ជាក់ថា នាវានេសាទមួយគ្រឿងមានអ្នកនេសាទចិនក្នុងនោះ៤នាក់បានបាត់ការទាក់ទងកាលពីយប់ថ្ងៃទី២១ មិថុនា ។ ប្រតិបត្តិការតាមរុករក និងជួយសង្គ្រោះកំពុងបន្ត ។ នាវានេសាទនោះដែលពុំមានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការត្រូវលិចកាលពីព្រឹកថ្ងៃទី២២ មិថុនា ក្នុងដែនទឹកនៃទីក្រុង QIONGHAI ។ អ្នកនេសាទម្នាក់ដែលធ្លាក់ក្នុងទឹក អាចត្រូវជួយសង្គ្រោះ ។
សេវាផ្លូវដែក និងដឹកជញ្ជូនកាត់តាមច្រកសមុទ្រ QIONGZOU ត្រូវផ្អាកមកពីព្យុះនេះ ។ បណ្តាសាឡាងដឹកអ្នកដំណើរទទួលបទបញ្ជាឱ្យស្ថិតនៅកំពង់ផែ តានមេន ក្រុង QIONGHAI កោះហៃណាន់ ។
ព្យុះត្រូពីកាល់នោះបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅកោះហៃណាន់ ក្នុងតំបន់ស្វយ័ត ZHOUANG ខេត្តក្វាងស៊ី និងនៅសមុទ្រចិនខាងត្បូង ។
ព្យុះ BEBINCA ជាព្យុះប្រចាំរដូវដំបូងគេដែលបោកបក់មកលើខេត្តក្វាងទុង ។ ការិយាល័យឧតុនិយមរាយការណ៍ថា ព្យុះ BEBINCA ដែលកកើតកាលពីថ្ងៃទី២១ មិថុនា នាវេលាម៉ោង១០ព្រឹក ថ្ងៃនោះស្ថិតនៅក្នុងដែនទឹកចម្ងាយ៥៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង YANGJIANG ខេត្តក្វាងទុង ។ ជាមួយកម្លាំងខ្យល់ក្នុងល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង ព្យុះ BEBINCA បានបោកបក់ឆ្ពោះទៅភាគពាយ័ព្យសំដៅតំបន់ឆ្នេរសមុទ្រនៃខេត្តក្វាងទុង និងកោះហៃណាន់ ។ អាជ្ញាធរមូលដ្ឋានព្រមានប្រាប់ប្រជាជនពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ អាចបង្កការខូចខាតខ្លាំង ហើយបានរៀបចំទប់ទល់នឹងព្យុះនេះ ៕
ចែករំលែកព័តមាននេះ