ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​​រថ​យន្ត​​ដឹក​​ម៉ាស៊ីន​ក្រឡុក​​ស៊ីម៉ង់ត៍​​ស្លា.ប់​​កម្មករ​​ម្នាក់ ​រ​បួស​​22​​នាក់

11 ឆ្នាំ មុន

ខេត្ត​ព្រៃវែង​ ៖ ស្ត្រី​ម្នាក់​ត្រូវ​ស្លា.ប់​ភ្លាមៗ​និង​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​២៤​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ និង​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ ដែល​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ ស្ថិត​ក្នុង​ភូមិ​ធំ​ ឃុំ​ល្វា​ ស្រុក​ព្រះ​ស្តេច​ ​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២២​ មិថុនា ។​ ប្រភព​ព័ត៌​មាន​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា​ រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ​មួយ​គ្រឿង​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2A-5619 បើក​បរ​មក​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​

ខេត្ត​ព្រៃវែង​ ៖ ស្ត្រី​ម្នាក់​ត្រូវ​ស្លាប់​ភ្លាមៗ​និង​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​២៤​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ និង​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ ដែល​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ ស្ថិត​ក្នុង​ភូមិ​ធំ​ ឃុំ​ល្វា​ ស្រុក​ព្រះ​ស្តេច​ ​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២២​ មិថុនា ។​ ប្រភព​ព័ត៌​មាន​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា​ រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ​មួយ​គ្រឿង​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2A-5619 បើក​បរ​មក​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ ដែល​នៅ​លើ​រថយន្ត​នោះ​មាន​ផ្ទុក​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​ និង​សម្ភារ​គ្រឿង​សំណង់​មួ​យចំនួន​ ហើយ​ថែម​ទាំង​មាន​មនុស្ស​ប្រុស​ស្រី​ជិត​៣០​នាក់​អង្គុយ​រយីង​រយោង​ព្រោង​ព្រាត​នៅ​លើ​សម្ភារ​សំណង់​ទាំង​នោះ​ ដែល​មើល​ទៅ​គួរ​ឱ្យ​ស្រៀវ​សាច់​ខ្លាំង​ណាស់ ។​

ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ ដោយសារតែ​រថយន្ត​ផ្ទុក​ចំណុះ​ច្រើន​ពេក​ ហើយ​បើក​លឿន​ទៀត​ ធ្វើ​ឱ្យ​តួ​រថយន្ត​ខាង​ក្រោយ​យោល​រេ​ឆ្វេង​ស្តាំ ​ក៏​បណ្តាល​ឱ្យ​មនុស្ស​ដែល​ជិះ​តោងខ្ពស់​នៅ​ខាងក្រោយ​ភ័យ​ស្លន់​ស្លោ​នាំ​គ្នា​ស្រែក​ប្រាប់​ឱ្យ​អ្នក​បើក​បរ​ឈប់ ។​ ​នៅ​ពេល​ឮ​សំឡេង​ស្រែក​ខ្លាំងអ្នក​បើក​រថយន្ត​ក៏​ជាន់​ហ្វ្រាំង​ឈប់​ទាំង​បង្ខំ​ ធ្វើឱ្យ​រថយន្ត​យោល​បោក​ទៅ​កណ្តាល​ថ្នល់​ចាក់​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ងត៍​ដ៏​ធ្ងន់​នេះ​ចោល​ និង​មនុស្ស​ខ្ចាត់​ខ្ចាយ​ ដេក​ដួល​រដូក​រណែល​ពេញ​លើ​ថ្នល់ ។​ ក្នុងស្ថានភាពបែប​នេះ​ចាត់​ទុក​ថា​សំណាង​ល្អ​ដែរ ដែល​មិន​មាន​រថយន្ត​ផ្សេង​បើក​មក​ ទើប​អ្នក​ខ្ទាត​ទៅ​លើ​ថ្នល់​បាន​រួច​ផុត​ពី​ការស្លាប់​ គ្រាន់​តែ​របួសធ្ងន់​ស្ទើរ​គ្រប់​គ្នា​ ។​

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ អ្ន​ក​ស្រុក​នៅ​ក្បែរ​កន្លែងកើត​​ហេតុ​បាន​នាំ​គ្នា​រត់​ទៅ​មើល​ និង​ជួយ​លើក​អ្នក​ដែល​ខ្ទាត​ចាក់​ទៅ​កណ្តាល​ថ្នល់​យក​មក​ដាក់​នៅ​ចិញ្ចើម​ថ្នល់​វិញ​ដើម្បី​កុំ​ឱ្យ​ស្ទះ​ចរាចរណ៍​ ។​ ភ្លាមៗ​នោះ​គេឃើញ​ស្ត្រី​ម្នាក់​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ និង​មនុស្ស​ប្រុស​ស្រី​២២​នាក់​ផ្សេង​ទៀត​ដេក​សន្លប់​ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​ ។ ឯ​ក្មេងស្រី​តូច​២​នាក់​របួស​ស្រាល​នៅ​ឈរ​មើល​ម្តាយ​ដែល​ដេក​សន្លប់​ស្តូក​ស្តឹង​គួរ​ឱ្យ​អាណោច​អាធ័ម​ជាទី​បំផុត ។​ ភ្លាម​នោះ​ មាន​ការ​ទាក់ទង​ហៅ​សមត្ថ​កិច្ច​ឱ្យ​មក​ជួយ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​ និង​ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​កំពង់​ត្របែក​ និង​រថយន្ត​សង្គ្រោះ​មណ្ឌល​សុខ​ភាព​ឃុំ​ល្វា​មក​ជួយ​ដឹក​ជន​រង​គ្រោះ​ទាំងអស់​ទៅ​មន្ទីរ​ពេទ្យ​ ដោយ​ជន​រងគ្រោះ​ខ្លះ​ត្រូវ​បាន​ដឹកទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយ​រៀង​ និង​ខ្លះ​ទៀត​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រៃ​វែង​ ។

ដោយ​ឡែក​ សព​ស្ត្រី​ម្នាក់​ដែល​គេពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​​យក​ទៅ​​តម្កល់​នៅ​សាល​រក្សាសព​នៃ​មន្ទីរពេទ្យ​បង្អែក​កំពង់​ត្របែក​ រង់​ចាំ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ ។​ តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ ក្រុម​កម្មករ​ទាំងអស់​ដែល​រង​គ្រោះ​នេះ​ គឺ​ជា​កម្មករ​របស់​ក្រុម​ហ៊ុន​សំណង់​មួយ​ ដែល​មាន​ទីតាំង​នៅ​ផ្សារ​ដើម​ថ្កូវ​ក្នុង​ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ ។​ មុន​ពេល​កើត​ហេតុ​ ក្រុម​ជន​រង​គ្រោះ​បាន​ទៅ​ចាក់​សាប​ក្រាល​ផ្លូវ​ និង​ធ្វើ​របង​ផ្ទះ​នៅ​ផ្សារ​កំពង់ត្របែក​ ។ លុះ​ធ្វើ​ការ​រួច​រាល់​ហើយ​ ក៏​នាំ​គ្នា​ជិះ​លើ​រថយន្ត​កូរ៉េ​ដែល​ក្រឡាប់​នេះ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ទីតាំង​នៅ​រាជ​ធានី​ភ្នំពេញ​វិញ​ទាំង​អស់​គ្នា​ តែ​ជា​អកុសល​ក៏​ជួប​គ្រោះ​ថ្នាក់​តាម​ផ្លូវ​បែប​នេះ​ដោយសារ​តែ​ការ​ផ្ទុក​មិន​ស្គាល់​ប្រមាណ​នៃ​រថយន្តរបស់​ក្រុម​អ្នក​ម៉ៅ​ការ​សំណង់ ។​

តាម​ការសន្និដ្ឋាន​របស់​សមត្ថ​កិច្ច​បង្ហាញ​ថា​ មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះបណ្តាល​មក​ពី​រថយន្ត​ផ្ទុក​ចំណុះ​ធ្ងន់​ពេក​ ចំណែក​មនុស្ស​ជិះ​បាន​នាំគ្នា​តោង​រយីង​រយោង​ មិនរក​កន្លែង​អង្គុយ​ឱ្យ​បាន​ត្រឹម​ត្រូវ ធ្វើ​ឱ្យ​តួ​រថយន្ត​យោល​ឆ្វេងស្តាំ​ លុះ​ពេល​រថយន្ត​បើក​លឿន​ ក៏​ភ័យ​នាំ​គ្នា​ស្រែក​ឱ្យ​ឈប់​ ឯ​អ្នក​បើក​បរ​ពេល​ឮ​គេ​ស្រែក​ឱ្យ​ឈប់​យ៉ាង​សន្ធាប់​បែប​នេះ​ ក៏​ជាន់​ហ្វ្រាំង​ទាំង​ប្រថុច​ញ៉ុច​​ ទើប​បណ្តាល​ឱ្យ​រថយន្ត​បោក​ក្រឡាប់​ចាក់​ទាំង​មនុស្ស និង​សម្ភារ​ខ្ចាត់​ខ្ចាយ​រដូក​រណែល​ពេញ​ផ្លូវ​តែ​ម្តង​ ៕​