បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរឈាមស្រោចពេញផ្ទៃមុខនិងខ្លួន ដោយសារបើករថយន្តលឿនពេក ពេលបត់យកចង្កូតមិនទាន់ បណ្តាលឲ្យបុកបង្គោលរបងភោជនីយដ្ឋានមួយកន្លែងយីហោ ញំាលេង ស្ថិតនៅខាងក្រោយអតីតផ្ទះលោកសេនាប្រមុខ លន់ នល់ ក្នុងខណ្ឌចំការមន ។
ហេតុការណ៏នេះបានកើតឡើងនៅម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៣ មិថុនា ២០១៣ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហុងដាស៊េរីចាស់ ព៌ណខៀវទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ2E 2373 បើកបរដោយបុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ បើកចុះពីផ្លូវ ២៧១ បត់ស្តាំសំដៅមករង្វង់មូលផ្សារដើមថ្កូវ ប៉ុន្តែដោយសាររយន្តបើកក្នុងល្បឿនលឿន យកចង្កូតមិនទាន់ក៏បុកបង្គោលរបងភោជនីយដ្ឋានញំាលេង បណ្តាលឲ្យបាក់រំលំរបង ហើយរថយន្តក្រពិតរួញផ្នែកខាងមុខធ្ងន់ធ្ងរនិងបែកកញ្ចក់ក្រោយខ្ទេច ។
ចំណែកអ្នកបើកបររងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានអ្នកឃើញហេតុការណ៏ទូរស័ព្ទហៅរថយន្តសង្គ្រោះមកដឹកទៅកាន់មន្ទីរពេទ្យ ។ រីឯសមត្ថកិច្ចកំពុងវាស់វែងទាញរថយន្តចេញ ដើម្បីរង់ចំាដោះស្រាយ ៕
ចែករំលែកព័តមាននេះ