រាជធានីភ្នំពេញ ៖ បុរសម្នាក់វ័យជាង ៣០ឆ្នាំ បើករថយន្តកាមរីបាឡែន ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-8906 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកែងផ្លូវ១១៣ ក្នុងសង្កាត់បឹងព្រលិត ក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូគុបជ្រុង ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1C-7425 ហើយរថយន្តបន្តដំណើរទៅបុករថយន្តកាមរីឆ្លាម ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2M-3023 ដែលចតស្ងៀម បណ្តាលឱ្យកាមរីឆ្លាមជ្រុលទៅបុកម៉ូតូសង់កូរ៉េ ១គ្រឿង ដែលចតនៅពីមុខ ហើយរថយន្តទាំង២ បានបោកខ្ទប់នឹងបង្គោលភ្លើងរងការខូចខាតទាំងស្រុង និងបណ្តាលឱ្យមនុស្ស ២នាក់ រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ០៥នាទី យប់ថ្ងៃទី២២ មិថុនា ២០១៣ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូទាំង ៤គ្រឿង ខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ