បាតុករជាច្រើនរយពាន់នាក់ កាលពីថ្ងៃទី២០ មិថុនា បាននាំគ្នាហែក្បួនតាមដងវិថីទាំងឡាយនៃទីក្រុងចំនួន៨០របស់ប្រេស៊ីល ពិសេសនៅទីក្រុង វីយ៉ូដឺហ្សាណឺរ៉ូ ដែលនៅទីនោះមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស ។ ទោះបីជាទីក្រុងធំៗភាគច្រើនរបស់ប្រេស៊ីលសុខចិត្តចុះញ៉មការគាបសង្កត់របស់ប្រជាជនដោយដកការសម្រេចដំឡើងថ្លៃលើការដឹកជញ្ជូនសាធារណៈតែពួកអ្នកតវ៉ាប្រេស៊ីលបន្តធ្វើការគាបសង្កត់ទៀត ។
ពួកគេបានកំណត់ទិសដៅប្រមូលមនុស្សដល់ទៅ១លាននាក់ធ្វើបាតុកម្មសម្រាប់ថ្ងៃដំបូងនៃសកម្មភាពជាតិនោះ ។ នៅទីក្រុងរីយ៉ូដឺហ្សាណឺរ៉ូ ដែលមានការប្រកួតបាល់ទាត់រវាងក្រុមអេស្ប៉ាញ និងក្រុមតាហុីទី នៅស្តាតម៉ារីកាណា ប៉ូលិសវាយតម្លៃថា មានបាតុករដល់ទៅ ៣០០.០០០នាក់ ដើរហែក្បួនមកកាន់ទីលានកាបដឺឡាវីយ៉ា ។ ក្រោយការដើរហែក្បួនដោយសន្តិវិធី ឧប្បត្តិហេតុដំបូងៗផ្ទុះឡើងនៅមុខសាលាក្រុងរវាងពួកបាតុករមួយក្រុមនិងប៉ូលិស ។
នៅទីក្រុងសាល់វ៉ាឌ័រដឺបាហុីយ៉ា ជាកន្លែងមានបាតុកម្មដំបូងកាលពីវេលារសៀលថ្ងៃទី២០ មិថុនា មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងបាតុករមួយផ្នែកក្នុងចំណោមបាតុករ ៥០.០០០នាក់ និងប៉ូលិស ។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កៅស៊ូដោយបង្ខំពួកអ្នកតវ៉ាឱ្យដកថយ ៕
ចែករំលែកព័តមាននេះ