ប្រមុខរដ្ឋាភិបាលថ្មីប៉ាឡេស្ទីន លោក រា៉មី ហាមដាល់ឡាហ៍ បានសុំលាលែងពីតំណែងកាលពីថ្ងៃទី២០ មិថុនា ខណៈលោកកាន់តំណែងនេះបានមិនដល់៣សប្តាហ៍ផង ក្រោយការតែងតាំងរូបលោក ព្រោះតែបញ្ហានៃការបែងចែកអំណាចគ្នាជាមួយឧបនាយករដ្ឋមន្ត្រី២រូប តម្រូវដោយប្រធានាធិបតីលោក មា៉មូដ អាប់បាស់ ។លោកអាប់ បាស់ ពុំទាន់បញ្ជាក់ថាតើលោកយល់ព្រមលើការសុំលាលែងនេះរបស់លោកហាម ដាល់ឡាហ៍ ដែរឬយា៉ងណានៅឡើយ ។ លោក ហាម ដាល់ឡាហ៍ ទើបត្រូវបានតែងតាំងកាលពីថ្ងៃទី២ មិថុនា កន្លងមកនេះ ជំនួសលោក សាឡាម ហ្វៃយា៉ដ ។
ក្រោយការដាក់ពាក្យសុំលាលែង លោកហាម ដាល់ឡាហ៍ បានចាកចេញពីទីក្រុង រា៉មា៉ល់ឡាហ៍ តំបន់ស៊ីសហ្ស៊កដានី ទៅកាន់ផ្ទះលោកនៅទីក្រុងទុលការែម ។ លោកបដិសេធពុំព្រមបកក្រោយ ក៏ប៉ុន្តែយល់ព្រមមកកាន់ក្រុង រា៉មា៉ឡាហ៍ នាយប់ថ្ងៃទី២១ មិថុនា ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតី អាប់ បាស់ពិភាក្សាជាមួយលោក ។ លោក ហាម ដាល់ឡាហ៍ បានដាក់ពាក្យសុំលាលែងជូនប្រធានាធិបតី ក្រោយពីមានការខ្វែងទំនាស់គ្នាជាមួយឧបនាយករដ្ឋមន្ត្រី២រូប ៕
ចែករំលែកព័តមាននេះ