ប្រភពព័ត៌មានពី AFP ផ្សាយថា ស្ថានភាពព្យុះបានបោកបក់ពីប្រទេសបារាំងក្នុងល្បឿនលឿន និងមានគ្រាប់ព្រិលទំហំ២សង់ទីម៉ែត្រ វាយប្រហារនៅភាគកណ្តាលប្រទេសស្វ៊ីស កាលពីល្ងាចថ្ងៃទី២០ មិថុនា បណ្តាលឱ្យបាក់ដើមឈើ និងមានអ្នករងរបួសជាច្រើន ។ ស្របពេលជាមួយគ្នានេះ ធ្វើឱ្យយន្តហោះមួយគ្រឿង រអិលពីកន្លែងចតជ្រុលទៅបុកទូកុងតឺន័រ ។
ស្ថានីយទូរទស្សន៍ SRF បានផ្សាយថា មានអ្នករងរបួសយ៉ាងតិច៦នាក់ ក្រោយពីមានដើមឈើដ៏ធំមួយដើមបានបាក់សង្កត់ ខណៈពេលដែលពួកគេកំពុងទស្សនាការប្រកួតសៀកកាយសម្ព័ន្ធនៅទីក្រុងប៊ីល(Biel) ភាគកណ្តាលរបស់ប្រទេស ។ របាយការណ៍បានបញ្ជាក់បន្តថា ខ្យល់មានល្បឿនជាង១៣០គីឡូម៉ែត្រក្នុងមួយម៉ោង បានបោកបក់ទៅលើអាកាសយានដ្ឋានអន្តរជាតិហ្សឺណែវ បណ្តាលឱ្យយន្តហោះមួយគ្រឿងរអិលចេញពីចំណត ជ្រុលទៅបុកទូកុងតឺន័រដែលនៅក្បែរនោះ ។ស្របពេលជាមួយគ្នានេះ រថភ្លើងមួយខ្សែនៅក្នុងប្រទេសស្វ៊ីស ដែលឆ្ពោះទៅតំបន់មួយចំនួនក្នុងប្រទេស ក៏ជួបបញ្ហាបង្កឱ្យការធ្វើដំណើរមានសភាពយឺតយ៉ាវដែរ ៕
ចែករំលែកព័តមាននេះ