ខេត្តកណ្តាល ៖ រថយន្តតាក់ស៊ីមួយគ្រឿងបានបុកសិស្ស២នាក់បងប្អូន ខណៈពេលបណ្តើរកង់ចេញពីសាលារៀន ឈរនៅចិញ្ចើមថ្នល់បម្រុងឆ្លងទៅផ្ទះ បណ្តាលឱ្យកុមារីជាប្អូនខ្ទាតចេញពីរថយន្តបោកក្បាលទៅនឹងថ្នល់បែកនិងបាក់ជើង ចំណែកក្មេងប្រុស ជា បង និងកង់ជាប់ក្រោមរថយន្តអូសជាង៤០ម៉ែត្រ ទើបខ្ទាតចេញពីរថយន្តគួរឱ្យរន្ធត់ រងរបួសធ្ងន់បាក់ជើងរលាត់ស្បែកមុខត្រូវឪពុកម្តាយបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំសំរោង និងបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២០ មិថុនា តាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៥ និងលេខ៤៦ ស្ថិតក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។ កុមាររងគ្រោះទាំងពីរនាក់ ១-ឈ្មោះ ផល សុខលី អាយុ៧ឆ្នាំ ភេទស្រី ជាប្អូនរងរបួសជើង បែកក្បាល រលាត់មុខ ២-ឈ្មោះ ផល ហេងនី អាយុ១១ឆ្នាំ ភេទប្រុស រៀនថ្នាក់ទី៥ ជាបងរបួសបាក់ជើង រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែករថយន្តម៉ាក DOPECH ពណ៌ផ្ទៃមេឃ អត់ស្លាកលេខ បើកបរដោយឈ្មោះ ចក់ រ័ត្ន មានស្រុកកំណើតនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
សាក្សីនិយាយថា មុនពេលកើតហេតុកុមាររងគ្រោះពីរនាក់បងប្អូនបណ្តើរកង់ចេញពីសាលារៀនមកឈរនៅលើចិញ្ចើមផ្លូវខាងស្តាំដៃ បម្រុងឆ្លងថ្នល់ជាតិទៅផ្ទះ ស្រាប់តែរថយន្តខាងលើបើកយ៉ាងលឿនក្នុងទិសដៅពីកើតមកលិច ក៏រេចង្កូតជ្រុលបុកកុមារទាំងពីរនាក់បងប្អូនខាងលើទាំងកំរោល បណ្តាលឱ្យកុមារីប្អូនខ្ទាតចេញពីរថយន្តបោកក្បាល រលាត់ស្បែកមុខ និងបាក់ជើង ចំណែកកុមារាជាបងជាប់នៅខាងក្រោមរថយន្តជាមួយកង់ អូសជាង៤០ម៉ែត្រទើបខ្ទាតចេញពីក្រោមរថយន្តគួរឱ្យរន្ធត់ របួសរលាត់ស្បែកមុខ និងបាក់ជើងត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។អ្នកបើកបរក្រោយពីបង្ក បានព្យាយាមបើករថយន្តរត់បានប្រហែល២០០ម៉ែត្រ ទើបទៅមុខលែងរួច ក៏ចុះរត់ ប៉ុន្តែត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បានប្រគល់ឱ្យសមត្ថកិច្ចរួមទាំងរថយន្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ