រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី៤នាក់របួសធ្ងន់ស្រាល ក្នុងនោះស្ត្រីមានផ្ទៃពោះ៥ខែម្នាក់របួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលយុវជនម្នាក់ស្រវឹងស្រាបើកម៉ូតូលឿនដូចហោះ វ៉ារថយន្តបែនដឹកដី ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង កាលពីវេលាម៉ោង៤និង២០នាទីរសៀល នៅតាមបណ្តោយផ្លូវកៅស៊ូ ខាងត្បូងផ្សារទួលសំបូរ ស្ថិតក្នុងភូមិកំរែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-04400 បើកបរដោយយុវជនម្នាក់ក្នុងស្ថានភាពស្រវឹងជោកពីត្បូងទៅជើងយ៉ាងលឿន និងពុំមានពាក់មួកសុវត្ថិភាពទេ លុះមកដល់ចំណុចកើតហេតុខាងលើជាផ្លូវចង្អៀតផង យុវជននោះខំបើកវ៉ារថយន្តបែនដឹកដីមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ដែលបើកមកពីមុខបញ្ច្រាសគ្នាម៉ាកឌ្រីមសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-9871 ជិះឌុបគ្នា៣នាក់ បណ្តាលឱ្យរងរបួសទាំងអស់គ្នា ។
អ្នកបើកម៉ូតូដែលស្រវឹងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងឈ្មោះ ផន សុធន់ អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។ ដោយឡែកអ្នកបើកម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១០ ឈ្មោះ ព្រុំ ចាន់ធូ អាយុ៣៤ឆ្នាំ មុខរបរជាកម្មកររោងចក្រនៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ របួសស្រាលនិយាយថា គាត់ទើបតែចេញពីធ្វើការរោងចក្រដោយមានឌុបប្រពន្ធឈ្មោះ ស៊ុំ សុភា អាយុ៣៣ឆ្នាំ មានផ្ទៃពោះ៥ខែរបួសរលាត់ដៃជើង និងក្មួយស្រីឈ្មោះ ម៉ាន ពុទ្ធា អាយុ៣៣ឆ្នាំ ធ្វើការជាមួយគ្នារងរបួសបែកក្តោងច្រមុះ ។
ប្រភពបន្តទៀតថា គ្រួសារគាត់មានលំនៅភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ រូបគាត់ព្រួយបារម្ភពីសុខភាពប្រពន្ធ និងកូនក្នុងផ្ទៃខ្លាំងណាស់ ។ក្រោយពេលកើតហេតុជនរងគ្រោះទាំង៤នាក់ត្រូវរថយន្តរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យខ្មែរ-សូវៀត ឯម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕
ចែករំលែកព័តមាននេះ