ខេត្ដព្រះសីហនុ ៖ មនុស្ស៤នាក់បានរងរបួសធ្ងន់ និងម្នាក់របួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដក្រុង និងរ៉ឺម៉កម៉ូតូ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ មិថុនា តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៨៧និង១៨៨ស្ថិតក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ។
តាមមន្ដ្រីប៉ូលិសចរាចរស្រុកព្រៃនប់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ដក្រុងដឹកអ្នកដំណើរ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-8773 បើកបរក្នុងទិសដៅពីជើងទៅត្បូងបានបុកជាមួយរ៉ឺម៉កម៉ូតូដឹកអ្នកដំណើរក្នុងទិសដៅស្របគ្នា បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់៤នាក់ និងស្រាលម្នាក់ ។ ប្រភពដដែលបន្ដថា មនុស្សរបួសក្នុងហេតុការណ៍នេះមាន ១-ឈ្មោះ មែក អ៊េល ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកបើករ៉ឺម៉ក មានលំនៅភូមិទឺកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ របួសធ្ងន់ ២-ឈ្មោះ ផាន់ មុំ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកោះខ្លុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ របួសធ្ងន់ ៣-ឈ្មោះ នាក់ រិន ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នារបួសធ្ងន់ ៤-ឈ្មោះ រស់ អីសាស់ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំបឹងតាព្រហ្មស្រុកព្រៃនប់ របួសធ្ងន់ និង៥-ឈ្មោះ អឹម ខន ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិស្រែចាមលើ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ របួសស្រាល ។
តាមសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា រ៉ឺម៉កម៉ូតូបើកមុខរថយន្ដក្រុង លុះមកដល់ចំណុចកើតហេតុ រថយន្ដក្រុងបានបើកវ៉ារ៉ឺម៉ក តែវាក់នឹងរថយន្ដមួយទៀតបើកមកពីមុខធ្វើឱ្យរថយន្ដក្រុងទាញចង្កូតមកខាងស្ដាំវិញ ក៏ជ្រុលទៅបុករ៉ឹម៉ក បណ្ដាលឱ្យក្រឡាប់រងរបួសរដូករណែលតែម្ដង ៕
ចែករំលែកព័តមាននេះ