ខេត្តស្ទឹងត្រែង ៖ មនុស្សចំនួនខ៥នាក់មានខ្លះបែកមុខបែកមាត់ បាក់ជើង និងសន្លប់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៥និង៥នាទីល្ងាចថ្ងៃទី១៩ មិថុនា នៅចំណុចភូមិបានប៉ុន ឃុំភ្លុក ស្រុកសេសាន ។ ជនរងគ្រោះទាំង៥នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ។
តាមប្រភពពីក្រុមគ្រួសារបាននិយាយថា មុនពេលកើតហេតុប្អូនរបស់គាត់បានជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់ចេញពីភូមិកំភុនទៅលេងផ្ទះបងប្អូនជីដូនមួយនៅភូមិភ្លុក ស្រាប់តែមានម៉ូតូ១គ្រឿងទៀតជិះគ្នា២នាក់មកពីមុខរេចង្កូតមកបុកទាំងកំរោលបណ្តាលឱ្យសន្លប់ទាំងអស់គ្នា។ មន្ត្រីនគរបាលប៉ុស្តិ៍ឃុំភ្លុកបានឱ្យដឹងថា ជនរងគ្រោះ៣នាក់ជិះម៉ូតូម៉ាកយ៉ាម៉ាហាស៊េរូសពណ៌ក្រហមលាយខ្មៅ អត់ស្លាកលេខបើកបរពីត្បូងទៅជើង ក៏វាក់នឹងម៉ូតូម៉ាកស្មាសរីវ៉ូ ពណ៌ខ្មៅ អត់ស្លាកលេខមកពីមុខបញ្ច្រាសទិសគ្នាក្នុងសភាពស្រវឹងស្រាជោកជាំ និងប្រើប្រាស់ល្បឿនលឿន ក៏រេចង្កូតមកបុកគ្នាពេញទំហឹង បណ្តាលឱ្យដេកដួលរដូករណែលលើថ្នល់ ។
ប្រភពបន្តថា ជនរងគ្រោះក្នុងហេតុការណ៍នោះ ១-ឈ្មោះ កង ស៊ុំហ៊ែង ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូស៊េរូស ២-ឈ្មោះភៀន ភុត ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឈ្មោះ ភៀន ស៊ុក ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង៣រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន។ ចំណែកម៉ូតូ១គ្រឿងទៀតមានគ្នា២នាក់ ១-ឈ្មោះ វ៉ាត់ ថាណាសាយណយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាដឺម ឃុំកំភុន ស្រុកសេសាន និង២-ឈ្មោះ ម៉េន សេត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ។ ម៉ូតូទាំង២គ្រឿងត្រូវមន្ត្រីនគរបាលប៉ុស្តិ៍ឃុំភ្លុកយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ៕
ចែករំលែកព័តមាននេះ