សាម័រអ៊ែរ ជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសសាម័រ បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅលើពិភពលោក ដែលគិតថ្លៃសេវាកម្មលើការថ្លឹងទម្ងន់អ្នកដំណើរ ងាយស្រួលក្នុងការរៀបកៅអីតាមប្រភេទទម្ងន់ ។ ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានរៀបចំជួរកៅអីអ្នកដំណើរធំទូលាយជាងមុន ដើម្បីទទួលអ្នកដំណើរដែលមានទម្ងន់ខ្លួនលើសពី១៣០គីឡូក្រាម ដោយសាម័រមានជំនឿចិត្តថា គឺជាផ្នែកមួយក្នុងចំណោមប្រទេសមានអត្រាមនុស្សធាត់ច្រើនបំផុតនៅលើពិភពលោក ។ លោក គ្រីស លែងតុន ប្រធានក្រុមហ៊ុនអាកាសចរណ៍សាម័រអ៊ែរ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន ABC News ថា កៅអី អិចអិល នឹងពង្រីកទំហំកៅអីបន្ថែម ដោយចាប់ផ្តើមកែប្រែនៅក្នុងដំណាច់សប្តាហ៍នេះ ។
ចំពោះអ្នកដែលមានទម្ងន់ដងខ្លួនធ្ងន់ កៅអីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាទូទៅរមែងធ្វើឱ្យពួកគេពិបាក ជាពិសេសនៅពេលដើរចូលទៅក៏មានការលំបាក ប៉ុន្តែនៅពេលមានការផ្លាស់ប្តូរទំហំកៅអីជាប្រភេទអិុចអិល ឃើញថា ពួកគេនឹងមានផាសុកភាពល្អ ។ អ្នកដំណើររបស់ក្រុមហ៊ុនសាម័រអ៊ែរ មិនចាំបាច់ចំណាយប្រាក់លើថ្លៃសំបុត្រយន្តហោះដូចក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតទេ ប៉ុន្តែត្រូវគិតថ្លៃធ្វើដំណើរទៅលើទម្ងន់ដងខ្លួន និងថ្លៃផ្សេងពីគ្នាទៅតាមរយៈចម្ងាយផ្លូវវិញ ។ អ្នកដំណើរត្រូវថ្លឹងទម្ងន់ជាមួយសម្ភារនៅឯអាកាសយានដ្ឋាន ប្រសិនបើហោះហើរនៅក្នុងប្រទេសមានរយៈចម្ងាយជិត គិតថ្លៃមួយគីឡូក្រាមស្មើ១ដុល្លារ ប៉ុន្តែបើចាកចេញទៅប្រទេសដូចជាអាមេរិកមួយគីឡូក្រាមថ្លៃ៤,១៦ដុល្លារ ៕
ចែករំលែកព័តមាននេះ