ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស! បំពាក់នាឡិ​កាកំណត់​នាទីលើបង្គន់​ស្ត្រី ​កំពុង​ផ្ទុះ​ការ​វែកញែក​​នៅចិន​

6 ខែ មុន

ប្រទេស​ចិន ៖ កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ចិន កាលពី​ពេល​ថ្មី​ៗ​នេះ

ប្រទេស​ចិន ៖ កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ចិន កាលពី​ពេល​ថ្មី​ៗ​នេះ កំពុង​ទទួល​បាន​មតិ​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ពី​សំណាក់​អ្នក​ទេសចរណ៍ និង​អ្នកលេង​បណ្តាញ​សង្គម​ចិន​ជា​ច្រើន ជុំវិញ​ការ​បំពាក់​នាឡិកា​កំណត់​នាទី​លើ​ទ្វារ​បង្គន់​ស្ត្រី ដើម្បី​កាត់​បន្ថយ​ការ​ឈរ​តម្រង់​ជួរ​រង់ចាំ​យូរ និង​វែង នៅ​ក្នុង​បន្ទប់ទឹក​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន South China Morning Post, The Sun និង CNN កាលពី​ថ្មី​ៗ​នេះ បានឱ្យ​ដឹង​ថា រូងភ្នំ​បុរាណ Yungang Grottoes ស្ថិត​ក្នុង​ខេត្ត​សាន​ស៊ី (Shanxi) ភាគ​ខាងជើង​ប្រទេស​ចិន ដែល​បាន​បង្កើត​ឡើង​តាំងពី​១,៥០០​ឆ្នាំ​មុន​។ រូងភ្នំ​ដែល​ជាប់​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេ​ស្កូ​មួយ​នេះ​(UNESCO) មាន​រូបចម្លាក់​ចំនួន ៥១,០០០​រូបចម្លាក់ ដែល​បាន​ឆ្លាក់​ចូល​ទៅ​ក្នុង​រូង​ចំនួន ២៥២​រូង តំណាង​ឱ្យ​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​នៃ​សិល្បៈ​រូងភ្នំ​ព្រះពុទ្ធ​សាសនា នៅ​ប្រទេស​ចិន​ក្នុង​សតវត្ស​ទី ៥ និង​ទី ៦​។ រូងភ្នំ​ដ៏​អស្ចារ្យ​នេះ បាន​ទាក់ទាញ​អ្នក​ទស្សនា​ជាង​៣​លាន​នាក់ កាលពី​ឆ្នាំ​មុន ដោយ​បង្កើត​ប្រាក់​ចំណូល ២០០​លាន​យន់ ដែល​ស្មើនឹង ២៨​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទោះ​យ៉ាងណា​ក៏​ដោយ កាលពី​ពេល​ថ្មី​ៗ​នេះ វី​ដេ​អូ​មួយ​ផ្ទុះ​ឡើង​លើ​បណ្តាញ​សង្គម​ចិន ដែល​បង្ហាញ​ពី​នាឡិកា​កំណត់​នាទី​ត្រូវ​បាន​បំពាក់​លើ​ទ្វារ​បង្គន់​ស្ត្រី សម្រាប់​បម្រើ​ដល់​អ្នកទេសចរ​មក​ទស្សនា​រូងភ្នំ Yungang Grottoes ។ នាឡិកា​កំណត់​នាទី​ត្រូវ​បាន​បំពាក់​លើ​ទ្វារ​នីមួយ​ៗ ដោយនៅ​ពេល​លោត​អក្សរ​ពណ៌​បៃតង​មាន​ន័យ​ថា បង្គន់​ទំនេរ និង​នៅ​ពេល​មាន​អ្នក​ចូល​ប្រើប្រាស់​អក្សរ​នឹង​លោត​ទៅ​ជា​ព៌​ណ​ក្រហម ហើយ​ចាប់ផ្តើម​រាប់​ពេលវេលា​តែ​ម្តង​។

បុគ្គលិក​ម្នាក់ ដែល​បម្រើ​ការ​នៅ​ទីនោះ​បាន​និយាយ​ថា កំណើន​ភ្ញៀវ​ទេសចរ បូក​រួម​នឹង​ចំនួន​បន្ទប់ទឹក​មាន​កំណត់ បាន​នាំ​ឱ្យ​មានការ​តម្រង់​ជួរ​យ៉ាង​វែង ហើយ​នាឡិកា​កំណត់​នាទី​ត្រូវ​បាន​ដំឡើង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ បុគ្គលិក​ដដែល​រូប​នោះ​បន្ថែម​ថា ប៉ុន្តែ​នាឡិកា​កំណត់​នាទី មិនមែន​ដាក់​សម្រាប់​កំណត់​រយៈពេល​ប្រើប្រាស់​បង្គន់​ដល់​ភ្ញៀវ​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​បញ្ជាក់​ថា បង្គន់​ទំនេរ​ឬ​អត់​តែ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ សកម្មភាព​ខាងលើ បាន​បង្ក​ឱ្យ​មានការ​ជជែក​វែកញែក​យ៉ាង​ក្តៅ​គគុក​លើ​បណ្តាញ​សង្គម​ចិន ដោយ​មាន​ទាំង​មតិ​វិជ្ជមាន និង​អវិជ្ជមាន​ផង​ដែរ​។ ជាក់ស្តែង អ្នកទេសចរ​ម្នាក់ ដែល​បាន​ទៅ​កម្សាន្ត​ទីនោះ​បាន​ប្រាប់​កាសែត Xiaoxiang Morning Herald របស់​ចិន​ថា «​ខ្ញុំ​គិត​ថា ការ​ដំឡើង​នាឡិកា​កំណត់​នាទី គឺជា​ការ​បង្ហាញ​អំពី​ទំនើប​កម្ម និង​បញ្ឈប់​អ្នក​ប្រើប្រាស់​ដែល​បាន​ចំណាយពេល​យូរ​ពេក​ចុច និង​និយាយ​ទូរ​សព្ទ​ក្នុង​បង្គន់​។ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ខ្មាស​អៀន​បន្តិច​ដែរ ដូច​ជា​ខ្ញុំ​កំពុង​ត្រូវ​បាន​គេ​ឃ្លាំមើល​អ៊ីចឹង​»​។

អ្នកទេសចរ​ម្នាក់​ទៀត បាន​និយាយ​ថា «​ខ្ញុំ​គិត​ថា​សកម្មភាព​នេះ​ល្អ​។ មនុស្ស​ចាស់​ខ្លះ​អាច​ដួល​សន្លប់​ក្នុង​បង្គន់ ហើយ​មិន​អាច​ហៅរក​ជំនួយ​បាន​ទេ​។ នាឡិកា​កំណត់​នាទី ក៏​អាច​កំណត់​អំពី​សកម្មភាព​អវិជ្ជមាន​ក្នុង​បង្គន់​ផង​ដែរ​»​។ ចំណែក​អ្នកទេសចរ​ម្នាក់​ផ្សេង​ទៀត បាន​លើក​ឡើង​ថា «​ការ​ប្រើប្រាស់​បង្គន់ គឺជា​បញ្ហា​ឯកជន​ភាព​របស់​បុគ្គល​ម្នាក់​ៗ ហើយ​ការ​បំពាក់​នាឡិកា​កំណត់​នាទី​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​គោរព​ក្នុង​នាម​ជា​អ្នកទេសចរ​ស្ត្រី​ម្នាក់​»​។ អ្នកទេសចរ​ម្នាក់​ទៀត បាន​ផ្តល់​យោបល់​ថា «​ប្រសិនបើ​មាន​បង្គន់​មិន​គ្រប់គ្រាន់ គួរ​ណាស់​តែ​ត្រូវ​សាងសង់​បន្ថែម​ទៀត​»​។

ប្រភព​ពី South China Morning Post បានឱ្យ​ដឹង​ថា បញ្ហា​បង្គន់​អនាម័យ​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​ចិន តែងតែ​បង្ក​ឱ្យ​មានការ​ជជែក​ដេញដោល​យ៉ាង​ក្តៅ​គគុក​លើ​បណ្តាញ​សង្គម​ចិន​។ ជាក់ស្តែង អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ទេសចរណ៍ ភាគ​ពាយព្យ​ប្រទេស​ចិន ជា​រឿយ​ៗ​តែងតែ​ត្រូវ​ប្រើ​បង្គន់​ស្ងួត​គ្មាន​ទឹក​លាង​សំអាត ហើយ​ករណី​ខ្លះ​ផ្នែក​ខ្លះ​នៃ​បង្គន់​គ្មាន​សូ​ម្បី​តែ​ជញ្ជាំង​គ្រប់គ្រាន់​ថែម​ទៀត​ផង​។

គួរ​បញ្ជាក់​ថា ករណី​ផ្ទុះ​ការ​វែកញែក​ពាក់ព័ន្ធ​រឿង​បំពាក់​នាឡិកា​កំណត់​នាទី​លើ​បង្គន់​ស្ត្រី នៅ​ក្នុង​តំបន់​ទេសចរណ៍ Yungang Grottoes កើតឡើង​ក្រោយ​ពេល​ដែល​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ទឹកជ្រោះ Yuntai ដែល​ត្រូវ​បាន​ស្គាល់​ថា គឺជា​ទឹកជ្រោះ​ធម្មជាតិ​ខ្ពស់​បំផុត​របស់​ប្រទេស​ចិន ស្ថិត​ក្នុង​ខេត្ត​ហឺ​ណា​ន (Henan) ដែល​មាន​កម្ពស់​ដល់ ៣១២​ម៉ែត្រ រង​ការ​រិះគន់​ថា បង្កើត​ឡើង​ដោយ​មនុស្ស ដែល​មិន​មែន​កើតឡើង​ដោយ​ធម្មជាតិ​។ ការ​រិះគន់​កើតឡើង បន្ទាប់​ពី​អ្នក​ឡើង​ភ្នំ​រក​ឃើញ​ថា ទឹកជ្រោះ​ហូរ​ចេញពី​បំពង់​ទុយោ​ដែល​បង្កប់​ក្នុង​ថ្ម​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ទោះ​យ៉ាងណា ក្រោយមក មន្ត្រី​ជំនាញ​នៃ​ឧទ្យាន​ទេសចរណ៍ Yuntai បាន​ធ្វើការ​បកស្រាយ​ពន្យល់​សាធារណជន​ថា កត្តា​ប្រែប្រួល​អាកាសធាតុ​ក្នុង​រដូវ​ប្រាំ បណ្តាល​ឱ្យ​ទឹកជ្រោះ​ធម្មជាតិ​ធ្លាក់​កម្រិត​តិចតួច​បំផុត ហើយ​ប្រសិនបើ​អ្នកទេសចរ​ធ្វើ​ដំណើរ​មក​ដល់ ហើយ​បែរជា​មិន​ទទួល​បាន​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ដូច​ការ​រំពឹង​ទុក​នោះ ច្បាស់​ណាស់​ពួក​គេ​នឹង​ខកចិត្ត ហើយ​ខឹងសម្បារ​យ៉ាង​ខ្លាំង​។ ដូច្នេះ​ទើប​អ្នកជំនាញ​សម្រេច​កែ​លម្អ​ប្រភព​ទឹក​ជំនួយ​បន្ថែម ដើម្បី​រក្សា​សម្រស់​ទឹកជ្រោះ​ឱ្យ​នៅ​តែ​ស្រស់​ស្អាត​៕ (​ប្រភព ៖ South China Morning Post, NBC News និង Popular Mechanics)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ