តំណាងអ្នកចរចា៦ភាគីស្តីពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងរបស់ប្រទេស៣ គឺកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នាកាលពីថ្ងៃទី១៩ មិថុនា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាពីលក្ខខណ្ឌទាំងឡាយនៃការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង ជាការឆ្លើយតបចំពោះសំណើចរចានាពេលថ្មីៗនេះរបស់ក្រុងព្យុងយ៉ាង។
បណ្តាសមាជិកចូលរួមកិច្ចប្រជុំត្រីភាគីនោះបានធ្វើការសន្និដ្ឋានថា ចាំបាច់ត្រូវឱ្យកូរ៉េខាងជើងបំពេញកាតព្វកិច្ចទាំងឡាយរបស់ខ្លួនខ្លាំងជាងកាតព្វកិច្ចដែលបានយល់ស្របគ្នាចែងក្នុងកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០១២ ទៅទៀត ។ កិច្ចព្រមព្រៀងនោះត្រូវបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ។
ប្រមុខគណៈប្រតិភូកូរ៉េខាងត្បូង លោក CHO TAE YONG អះអាងក្នុងសន្និសីទសារព័ត៌មានមួយក្រោយការជួបគ្នានោះថា គេត្រូវដាក់ឱ្យក្រុងព្យុងយ៉ាងបំពេញកាតព្វកិច្ចរបស់ខ្លួនខ្លាំងជាងបណ្តាកាតព្វកិច្ចដែលមានចែងក្នុងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០១២ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកទៅទៀត ។
ការចរចាកម្រិតខ្ពស់រវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោន ដែលធ្វើចាប់ពីខែកក្កដា ឆ្នាំ២០១១ មកបានបញ្ចប់កាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០១២ ជាមួយការព្រមព្រៀងគ្នាបញ្ឈប់ជាបន្ទាន់នូវកម្មវិធីចម្រាញ់អ៊ុយរ៉ានីញ៉ូម ផ្អាកការសាកល្បងមីស៊ីល និងការសាកល្បងនុយក្លេអ៊ែរ ហើយអនុញ្ញាតឱ្យពួកអ្នកធ្វើអធិការកិច្ចរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចូលត្រួតពិនិត្យជាថ្នូរនឹងជំនួយស្បៀងពីសហរដ្ឋអាមេរិក។
ប្រទេសទាំងបីក្នុងការជួបប្រជុំគ្នាកាលពីថ្ងៃទី១៩ មិថុនា នៅក្រុងវ៉ាស៊ីនតោនបានធ្វើការសម្រេចចិត្តដូចខាងលើនេះ ព្រោះចង់ដឹងថា តើកូរ៉េខាងជើងអាចដើរឆ្ពោះទៅរកការរំសាយនុយក្លេអ៊ែរពិតប្រាកដមែនឬយ៉ាងណា ៕
ចែករំលែកព័តមាននេះ