នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ កាលពីថ្ងៃទី១៩ មិថុនា មានប្រសាសន៍ថា ត្រៀមបើកការពិភាក្សាឡើងវិញជាមួយចិន ក្រោយភាពតានតឹងដែលកើតឡើងមកពីជម្លោះលើបញ្ហាប្រជុំកោះសេនកាគូ ចិនហៅឌីអាវយូ ស្ថិតនៅសមុទ្រចិនខាងកើត ។
ក្នុងឱកាសបំពេញទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ប្រមុខរដ្ឋាភិបាលជប៉ុនថ្លែងថា ប្រការសំខាន់គឺធ្វើការចរចាជាមួយចិន ទោះបីមានទំនាស់គ្នាក្តី ។
វាហាក់ដូចជាមានការបង្កហេតុពីសំណាក់ប្រទេសចិន ទ្រទ្រង់ដោយកម្លាំង ក៏ប៉ុន្តែទ្វារនៅតែបើកចំហសម្រាប់ការចរចា ហើយខ្ញុំត្រៀមខ្លួនជាស្រេចបើកការចរចាឡើងវិញជាមួយលោកប្រធានាធិបតី ស៊ី ជីន ពីង ។ ក្នុងសុន្ទរកថាមួយ លោក អាបេ បានលើកឡើងពីការព្រួយបារម្ភលើបំណុលរបស់ជប៉ុន តាមរយៈគំនិតសេដ្ឋកិច្ចអាបេ (ABENOMICS) ជាកម្មវិធីដែលលោកអាបេបង្កើតឡើងដើម្បីជំរុញសេដ្ឋកិច្ច ហើយជាពិសេស ផ្អែកលើការបញ្ចុះតម្លៃប្រាក់យេនជប៉ុន។
លោកអះអាងថា ជប៉ុននឹងបន្តគោរពវិន័យថវិកាម៉ឺងម៉ាត់មួយដោយផ្តល់មធ្យោបាយនានាដល់កំណើនសេដ្ឋកិច្ច ។ ភាពតានតឹងជុំវិញជម្លោះប្រជុំកោះសេនកាគូ ឬឌីអាវយូ ស្ថិតក្នុងដែនទឹកសម្បូរដោយត្រី ប្រេងកាតនិងឧស្ម័ន មានការកើនឡើងកាលពីខែកញ្ញា ឆ្នាំ២០១២ ក្រោយការសម្រេចចិត្តរបស់អាជ្ញាធរជប៉ុនទិញយកពីម្ចាស់ឯកជននូវកោះ៣ក្នុងចំណោមកោះទាំង៥នៃប្រជុំកោះនោះ ។ ចាប់តាំងពីពេលនោះមកប្រទេសទាំង២ បានធ្វើការល្បាតតាមជើងទឹក ឬជើងអាកាសក្នុងតំបន់មានជម្លោះនោះ ៕
ចែករំលែកព័តមាននេះ