អភិបាលក្រុងម៉ុងរេអាល់កាណាដា បានសុំលាលែងកាលពីថ្ងៃទី១៨ មិថុនា បន្ទាប់ពីលោកត្រូវឃុំខ្លួនពីបទក្លែងបន្លំនិងពុករលួយ ។
ក្នុងសេចក្តីប្រកាសមួយអភិបាលក្រុងរូបនេះលោក MICHAEL APPLEBAUM និយាយថា ខ្ញុំនឹងបូជាថាមពលរបស់ខ្ញុំ ដើម្បីការពារខ្លួន ខ្ញុំនិងគ្រួសារខ្ញុំ ។ អាស្រ័យហេតុនេះខ្ញុំសុំលាលែងចេញពីតំណែងអភិបាលក្រុងម៉ុងរេអាល់ ។ ខ្ញុំដាច់ខាតពុំព្រមចុះចាញ់នរណាម្នាក់ឡើយ ។ ការចោទប្រកាន់ទាំងឡាយប្រឆាំងរូបខ្ញុំ ពុំមានមូលដ្ឋានទេ ។
ពេលឡើងចូលកាន់តំណែងកាលពីដំណាច់ឆ្នាំកន្លងមកនេះ លោក MICHAEL APPLEBAUM បានសន្យាប្រឆាំងនឹងអំពើពុករលួយ ។ លោកគឺជាមនុស្សនិយាយភាសាអង់គ្លេសដំបូងគេធ្វើជាអភិបាលក្រុង ម៉ុងរេអាល់ នៃតំបន់កេបិកពុំធ្លាប់មានចាប់តាំងពីជាង១សតវត្សមកហើយ រួចលោកត្រូវជាប់ចោទពីបទក្លែងបន្លំ រំលោភបំពានសេចក្តីទុកចិត្ត ពុករលួយនិងផ្ទេរយកប្រាក់ដោយលួចលាក់ ដែលមានដល់ជាច្រើនសិបពាន់ដុល្លារសម្រាប់បណ្តាកុងត្រា ដែលចុះហត្ថលេខារវាងឆ្នាំ២០០៦ និង២០១១ នាសម័យកាលដែលលោកធ្វើអភិបាលខណ្ឌ CÕTE-DES-NEIGES-NOTRE-DAME-DE-GRÀCE ជាខណ្ឌមួយនៃក្រុងម៉ុងរេអាល់ ។ អ្នកកាន់តំណែងអភិបាលក្រុងម៉ុងរេអាល់មុនលោកគឺលោកGERALD TREMBLAY ក៏សុំលាលែងកាលពីខែវិច្ឆិកា ឆ្នាំ២០១២ ដែរ ពីបទចោទប្រកាន់ថាលោកទន់ជ្រាយក្នុងការប្រឈមមុខនឹងអំពើពុករលួួយ ៕
ចែករំលែកព័តមាននេះ