ក្រុមហ៊ុនអយស្ម័យយានក្នុងប្រទេសជប៉ុន អីុស ជេប៉េនរ៉េលវ៉េ កំពុងប្រកាសទទួលគូស្នេហ៍ដែលចង់រៀបការនៅលើរថភ្លើងនៅតាមបណ្តោយផ្លូវយា៉ម៉ាណូតេ ក្នុងអំឡុងពេលធ្វើដំណើរជុំវិញក្រុងតូក្យូ ។អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានបញ្ជាក់ថា បច្ចុប្បន្នកំពុងទទួលការស្ម័គ្រចំពោះគូស្នេហ៍ដែលចង់ចងសម្ព័ន្ធភាពរៀបអាពាហ៍ពិពាហ៍លើខ្សែផ្លូវរថភ្លើងយា៉មា៉ណូតេ ដោយគូស្នេហ៍កូនកំលោះ ក្រមុំអាចអញ្ជើញភ្ញៀវឱ្យចូលរួមបានប្រហែល១២០នាក់ និងប្រើទីតាំងរៀបអាពាហ៍ពិពាហ៍នៅក្នុងទូរថភ្លើងសរុបចំនួន១១ទូ ដែលតាមធម្មតារថភ្លើងខាងលើអាចផ្ទុកអ្នកដំណើរបានប្រហែល១.០០០នាក់ ។ ក្នុងអំឡុងពេលប្រារព្ធពិធី រថភ្លើងនឹងចំណាយពេល១ម៉ោងក្នុងការធ្វើដំណើរលើចម្ងាយផ្លូវ៣៥គីឡូម៉ែត្រ ដែលបញ្ហានេះនឹងអាចបង្កផលវិបាកដល់ភ្ញៀវ ខណៈនៅលើរថភ្លើងគ្មានបន្ទប់ទឹក ។
ពិធីរៀបការនឹងរៀបចំឡើងនៅថ្ងៃទី១៤ តុលា ២០១៣ខាងមុខ ជាថ្ងៃគម្រប់ខួប១៤១ឆ្នាំ ដែលរថភ្លើងជប៉ុនបើកសេវាកម្ម និងជាគំរប់ខួប៥០ឆ្នាំ លើខ្សែផ្លូវរថភ្លើងយា៉មា៉ណូតេ ។ ក្រុមហ៊ុនអីុស ជេប៉េនរ៉េលវ៉េ នឹងបើកទទួលគូស្នេហ៍រៀបអាពាហ៍ពិពាហ៍រយៈពេល៣សប្តាហ៍ចាប់ពីពេលនេះតទៅ និងគូស្នេហ៍ដែលបានទទួលការជ្រើសរើសអាចជ្រើសយកការរៀបអាពាហ៍ពិពាហ៍តាមចំណង់ចិត្ត ប៉ុន្តែជាអ្នកចាត់ចែង និងត្រូវចំណាយប្រាក់នៅក្នុងការរៀបចំពិធីនេះដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ