ខេត្តកំពង់ស្ពី ៖ បុរស៣នាក់បានស្លាប់ភ្លាមដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយរថយន្តកុងតឺន័រ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១៨ មិថុនា នៅលើផ្លូវជាតិលេខ៤ត្រង់ចំណុចភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ។ ជនរងគ្រោះទាំង៣នាក់មានម្នាក់ឈ្មោះ ស៊ីន វ៉ៃ ភេទប្រុស អាយុ ១៩ឆ្នាំ មានលំនៅភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ចំណែកពីរនាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
តាមសាក្សីនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងបីជិះម៉ូតូពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានវា៉រថយន្តដឹកដី១គ្រឿង ក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឱ្យដួលបោកលើថ្នល់ភ្លាមៗ ។
លោក សីុន សុវណ្ណនី នាយការិយាល័យនគរបាលចរាចរខេត្តបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-2372 ធ្វើដំណើរពីលិចទៅកើត ចំណែករថយន្តកុងតឺន័រពាក់ស្លាកលេខព្រះសីហនុ 4A-0164 ធ្វើដំណើរស្របទិសពីខាងមុខម៉ូតូ ។ឮ
លោកនាយការិយាល័យបន្តថា សពជនរងគ្រោះទាំងបីត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យខេត្ត ចំណែកវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ