រាជធានីភ្នំពេញ ៖ ពេញមួយថ្ងៃទី២៦ វិច្ឆិកា២០១៨នេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពដុសលាងសាប៊ូសម្អាតតាមកម្រាលក្រានីត និងការ៉ូឡាដែលប្រឡាក់ដោយកំណក ខ្លាញ់ ក្អែល នៅតាមសួនច្បារធំៗមួយចំនួន ពិសេសនៅតាមសួនច្បារដែលបានប្រើប្រាស់នៅក្នុង ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ ដែលបានប្រារព្វឡើងនាប៉ុន្មាន ថ្ងៃមកនេះ។
![Picture]()
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ព្រឹកថ្ងៃទី២៦ វិច្ឆិកា ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើ សកម្មភាពដុសលាងសាប៊ូកម្រាលក្រានីត ប្រឡាក់ដោយកំណកខ្លាញ់ ក្អែល នៅសួនច្បារវិមានឯករាជ្យ និងសួនច្បារ ចន្ទឆាយា ហើយនៅពេលរសៀលថ្ងៃដដែល បានបន្តដុសលាង កម្រាលក្រានីត នៅសួនច្បារសម្តេច ហ៊ុន សែន និងសួនច្បារបទុមវតីបន្តទៀតផងដែរ។
![Picture]()
សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បរិមាណសំរាមប្រមាណ ៨.៣២១តោន ដែលត្រូវបានប្រមូលកើបសម្អាត និងយកទៅចាក់ចោល ក្នុងនោះសម្រាប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យ មានចំនួន៣.០០៣តោន,ថ្ងៃទី២ មានចំនួន២.៧១១តោន និងថ្ងៃទី៣ មានចំនួន២.៦០៧តោន។
![Picture]()
ក្រោយបញ្ចប់ព្រះរាជពិធីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំ ធ្វើអនាម័យបរិស្ថាននៅសួនច្បារវត្ត បទុមវត្តី ដើម្បីប្រមូល និងរើសសំរាមតាមសួនច្បារ និងទីតាំងសប្បាយភាពនានាមួយចំនួនផងដែរ ក្នុងន័យចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ដែលសកម្មភាពនេះ គឺជាសារបង្ហាញ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ឲ្យដឹងថា សូមកុំបោះសំរាមចោលផ្តេសផ្តាស និងសូមកាន់សំរាមយកទៅដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ហើយត្រូវរួមគ្នាដើម្បីបរិស្ថានស្អាតទីក្រុងរបស់យើងទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ