រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលជិះម៉ូតូC125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BF-1392 បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវចូលរោងចក្រដំបួលខៀវ ក៏បានបើកហោះប្លោងរំលងទួលកាត់ទទឹងផ្លូវ បណ្តាលឱ្យដួលបាក់ក. ចំណែកម៉ូតូខ្ទេចមួយកំណាត់មុខ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ មិថុនា ២០១៣ នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរងគ្រោះដល់ស្លាប់មានឈ្មោះ រ័ត្ន រុង អាយុ ២៣ឆ្នាំ ជាជាងភ្លើងនៅរោងចក្រកាត់ដេរ មានស្រុកកំណើតនៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ក្រោយកើតហេតុប្រមាណជា ១ម៉ោង ទើបត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយប្រាប់សមត្ថកិច្ចឱ្យទាក់ទងក្រុមគ្រួសារមកទទួលយកសពទៅធ្វើ បុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ