ខេត្តព្រះសីហនុ ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចរំដោះចេញពីការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃរបស់ជនជាតិរុស្ស៊ី ៣នាក់ កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី១៨ មិថុនា ២០១៣ ខណៈដែលបុរសរូបនោះ បានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃក្នុងផ្ទះជនជាតិរុស្សីខាងលើ នៅក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បុរសសង្ស័យខាងលើបានចូលលួចយកទូរស័ព្ទដៃ ១គ្រឿង ពីផ្ទះជនជាតិរុស្ស៊ី កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី១៧ មិថុនា ម្សិលមិញ ខណៈនោះម្ចាស់ផ្ទះបានឃើញក៏ចាប់ហើយឃុំខ្លួនធ្វើទារុណកម្មដាក់ច្រវ៉ាក់ដៃជើង កាត់ម្រាមមេដៃមួយ ឱ្យបៀមទុយយោ ដោយមិនប្រគល់ឱ្យសមត្ថកិច្ចឡើយ ។ លុះមកដល់ម៉ោងជាង ៧យប់ ថ្ងៃទី១៨ មិថុនា នេះ ទើបត្រូវបានប្រជាពលរដ្ឋដឹងរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយរំដោះបាននៅវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃដដែល ។ ជនរងគ្រោះពុំទាន់បានដឹងអត្តសញ្ញាណនៅឡើយ ដឹងត្រឹមថា បុរសនោះ រស់នៅក្នុងក្រុមទី៣៥ ភូមិ៣ សង្កាត់៣ ។
ក្រោយរំដោះបាន ជនរងគ្រោះត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ចំណែកជនជាតិរុស្ស៊ីទាំង ៣នាក់ ត្រូវសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕
ចែករំលែកព័តមាននេះ