ខេត្តរតនគិរី ៖ បុរសម្នាក់បានស្លាប់ ខណៈពេលដឹកឈើប្រណីតប្រភេទធ្នង់៦កំណាត់ ប្រវែង១ម៉ែត្រ២តឹក ចុះចំណោតរអិលក្រោមដំណក់ភ្លៀងត្រង់ចំណុចផ្លូវចំណោតភូមិប៉យ ឃុំប៉យ ស្រុកតាវែង នាវេលាម៉ោង៣រសៀលថ្ងៃទី១៨ មិថុនា ២០១៣ ។
ជនរងគ្រោះឈ្មោះអ៊ូ ឃឹមអីុ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម បានមកជួលផ្ទះនៅជាប់មាត់បឹងកន្សែង សង្កាត់អូរកន្សែង ក្រុងបានលុង ។ បានស្លាប់បាត់បង់ជីវិតចោលប្រពន្ធឈ្មោះមូ ស៊ីធឿន អាយុ៣៥ឆ្នាំ មានកូនស្រីតូចម្នាក់អាយុ១ឆ្នាំកនក្លះ គួរឱ្យសង្វេគដោយសារតែរបរដឹកឈើខុសច្បាប់ ។
តាមពលរដ្ឋនៅតំបន់នោះឱ្យដឹងថា សកម្មភាពដឹកឈើនៅរតនគិរីមិនត្រឹមកើតឡើងតែតាមម៉ូតូទេ ក៏មានរថយន្តទំនើបៗផងដែរ បានបើកតាមបណ្តោយផ្លូវលេខ៧៨ ពីក្រុងបានលុង ឆ្ពោះទៅច្រកទ្វារអូរយ៉ាដាវ ក្រោយកាស៊ីណូទ្រីភាព យ៉ាងគគ្រឹកគគ្រេង។ ពលរដ្ឋសូមសំណូមពរមន្ត្រីមានសមត្ថកិច្ចជួយពិនិត្យបញ្ហានេះផងព្រោះជាអ្នករកស៊ីទាំងនោះបើកបរលឿនៗគ្មានយោគយល់អ្នកធ្វើដំណើរ ក៏ដូចជាពលរដ្ឋនៅតំបន់នោះ ក៏រងការរំខានព្រួយបារម្ភពីសុវត្ថិភាពតាមដងផ្លូវផងដែរ៕
ចែករំលែកព័តមាននេះ