ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មេគយ​ខេត្ត​កំពង់​ចាម​មិន​ចូល​ខ្លួន​បំភ្លឺ​តុលាការ​ បែរជា​មាន​បណ្តឹង​តប​អតីត​សង្សារ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដីកា​កោះ​របស់​លោក​ គឺ​ ប៊ុណ្ណារ៉ា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ បាន​ឱ្យ​ស្ត្រី​ឈ្មោះ​ ជា គឹមឡាយ និង​បុរស​ម្នាក់​ឈ្មោះ​ ង៉ោល​ ចូល​បំភ្លឺតាម​បណ្តឹង​លោក​ ឃុន​ ដូរ៉េ​ កូន​លោក​ ឃុន​ រ៉ាន់​ ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​កំពង់​ចាម​ ដែល​បាន​ចោទ​ប្រកាន់​អតីត​សង្សារ​ និងបុរស​ម្នាក់​ថា​ប្លន់​យក​គ្រឿង​អលង្ការ​សរុប​ជា​ទឹក​ប្រាក់​ជាង​២

រាជ​ធានី​ភ្នំពេញ​ ៖ ដីកា​កោះ​របស់​លោក​ គឺ​ ប៊ុណ្ណារ៉ា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ បាន​ឱ្យ​ស្ត្រី​ឈ្មោះ​ ជា គឹមឡាយ និង​បុរស​ម្នាក់​ឈ្មោះ​ ង៉ោល​ ចូល​បំភ្លឺតាម​បណ្តឹង​លោក​ ឃុន​ ដូរ៉េ​ កូន​លោក​ ឃុន​ រ៉ាន់​ ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​កំពង់​ចាម​ ដែល​បាន​ចោទ​ប្រកាន់​អតីត​សង្សារ​ និងបុរស​ម្នាក់​ថា​ប្លន់​យក​គ្រឿង​អលង្ការ​សរុប​ជា​ទឹក​ប្រាក់​ជាង​២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ខណៈ​លោក​ ឃុន​ ដូរ៉េ​ មិន​ទាន់​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​លើ​ពាក្យ​បណ្តឹង​របស់​ឪពុក​នាង​អតីត​សង្សារ​ផង​នោះ ។​

ប្រភព​ព័ត៌​មាន​នៅសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា​ ដីកា​កោះ​ឱ្យ​ចូល​ខ្លួន​របស់​លោក​ គឺ ប៊ុណ្ណារ៉ា បាន​ដល់​ដៃ​សាមី​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៦ មិថុនា ឱ្យ​នាង​ ជា​ គឹមឡាយ​ និង​ឈ្មោះ​ ង៉ោល​ ចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ចន្ទ​ ទី​១៧ មិថុនា ដែល​គេ​ចាត់​ទុក​ថា​ដីកា​កោះ​នោះ​ធ្វើ​ឡើង​តក់​ក្រហល់​ពេក បើ​ទោះ​បី​ជា​សំអាង​លើ​ពាក្យ​បណ្តឹង​របស់អ្នក​ណា​ក៏​​ដោយ​ យ៉ាង​ហោច​ណាស់​សាមីខ្លួន​ត្រូវ​បាន​ដឹង​រយៈ​ពេល​១​សប្តាហ៍​មុន ។​ ទោះ​ជា​យ៉ាង​នេះ​ក្តី នាង​ ជា គឹម ឡាយ នៅ​​​​តែ​គោរព​តាម​អ្វី​ដែល​តំណាង​អយ្យការ​បាន​កោះ​ហៅ ក៏​ប៉ុន្តែ​នាង​សុំពន្យារ​ពេល​មិន​ទាន់​ចូល​ទេ​ ។​

ប្រភព​បន្ត​ថា​ លោក ឃុន ដូរ៉េ បាន​ប្តឹង​នាង​ ជា គឹមឡាយ​ និង​បុរស​ម្នាក់​ឈ្មោះង៉ោល​ ថា​បាន​ប្លន់​ដោះ​យក​គ្រឿង​អលង្ការ​ពី​ខ្លួន​ដូចជា នាឡិកា​ដៃ​១​គ្រឿង​មាន​តម្លៃ​១០.០០០​ដុល្លារ​ ចិញ្ចៀន​ដាំ​ពេជ្រ​១​វង់​តម្លៃ​៥.០០០​ដុល្លារ​ ខ្សែ​ក​មាស​៥​តម្លឹង​ និងប្រាក់​៨.០០០​ដុល្លារ​ទៀត ។​ ពាក្យ​បណ្តឹង​ដែល​ចោទ​ប្រកាន់​នាង​ ជា គឹម​ឡាយ នោះ​ គឺ​អង្គ​ហេតុ​តែ​មួយ​ដែល​មាន​ទំនាស់​គ្នា​នៅ​មុខ​ក្លិប​កម្សាន្ត​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មករា​ ។ ចំពោះ​រឿង​ហេតុ​នេះ​លោក ជៀប​ អូឡែន​ ដែល​ត្រូវ​ជា​ឪពុក​នាង​ ជា គឹមឡាយ បាន​បឹ្តង​លោក​ ឃុន ដូរ៉េ​ តាំងពី​ថ្ងៃ​កើត​ហេតុ​ពី​បទ​ប្រើហិង្សា​ដោយ​ចេតនា​ ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ និងអំពើ​លួច ។​

ប៉ុន្តែ​លោក​ ឃុន​ ដូរ៉េ​ បាន​គេច​ខ្លួន​មិន​ទាន់​ចូល​បំភ្លឺ​ដល់​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ និងនៅ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ​ ហើយ​សូម្បី​តែ​រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក​រ៉ង់​រូ៉វែរ​របស់​លោក​ដែល​ត្រូវ​សមត្ថ​កិច្ច​ដក​ហូត​ជាតឹក​តាង​នៅ​ថ្ងៃ​កើត​ហេតុ​ ក៏​លោក ឃុន​ ដូរ៉េ មិន​ទាន់​ហ៊ាន​ចូល​ទៅ​យក​ដែរ​ ​សុខ​ចិត្ត​ទុក​ឱ្យ​ពុក​ចោល​ ដែល​រថយន្ត​នោះ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។​
ជាមួយ​នឹង​ការ​មិន​ចូល​ខ្លួន​ទៅ​សមត្ថ​កិច្ច​និង​តុលាការ​អស់​រយៈ​ពេល​ជាច្រើន​ខែ​នោះ​ លោក ឃុន​ ដូរ៉េ​ បែរ​ជា​រក​មេធាវី​ប្តឹង​នាង ជា គឹម​ឡាយ​ អតីត​សង្សារ​វិញ​ពីបទ​ថា​ប្លន់​យក​គ្រឿង​អលង្ការ​បញ្ច្រាស​នឹង​បណ្តឹង​របស់​ឪពុក​នាង ។​

សំណុំ​រឿង​ឪពុក​នាង​ស្ថិត​នៅ​ក្នុង​ដៃ​ លោក​ស្រី​ សឺុ វណ្ណនី​ ព្រះ​រាជ​អាជ្ញា​រងអម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កំពុង​ចាត់​ការ​ ហើយ​នៅ​រង់​ចាំ​លោក ឃុន​ ដូរ៉េ​ ចូល​ខ្លួន​បែរ​ជា​លោក ឃុន​ ដូរ៉េ ដាក់​ពាក្យ​បណ្តឹង​តប​វិញ ។​​ លោក​ស្រី​ព្រះ​រាជ​អាជ្ញា​រង​កាន់​សំណុំ​រឿង​នោះ​បាន​បញ្ជាក់​ថា​ លោ​កស្រី​នឹង​ចេញ​ដីកា​កោះ​ឱ្យ​ចូល​ម្តង​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ​ ហើយ​បើ​លោក ឃុន​ ដូរ៉េ នៅតែ​មិន​ចូល​ទេ លោក​ស្រី​នឹង​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​តាម​នីតិវិធី​ច្បាប់​ ចៀស​វាង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ដល់​ជន​រងគ្រោះ ៕​