រាជធានីភ្នំពេញ ៖ លោក ពេជ សោភ័នរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាថ្នាក់ជាតិលើកទី២របស់ក្រសួងការងារ ស្តីពីការសិក្សាគោលនយោបាយលើទិសដៅអនាគត និងការផ្តល់ហិរញ្ញប្បទាន ក្នុងការអប់រំវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៣ នៅសណ្ឋាគារសាន់វ៉េថា ប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសនៅប្រទេសកម្ពុជាយើងនេះកំពុងតែជួបបញ្ហាប្រឈមមួយចំនួន ។
លោករដ្ឋលេខាធិការបន្តថា តាមការស្រាវជ្រាវមួយចំនួនបានបង្ហាញឱ្យឃើញថា មានការងារមួយចំនួនកំពុងជួបប្រទះនៅក្នុងវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះមានដូចជា តើត្រូវធ្វើយា៉ងណាឱ្យអ្នកដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលក្លាយជាសហគ្រិនជាទិសដៅរបស់ក្រសួងការងារ ប៉ុន្តែបញ្ហានេះមកដល់សព្វថ្ងៃហាក់ដូចជាមិនទាន់មានការយកចិត្តទុក្ខដាក់ ក៏ដូចជាចាត់វិធានការដើម្បីប្រែក្លាយទិសដៅនេះឱ្យសម្រេចតាមគម្រោងនៅឡើយទេ ។ អ្វីដែលជាចំណុចត្រូវពង្រឹង និងកែលម្អថែមទៀតគឺទំនាក់ទំនងរវាងគោលនយោបាយមួយចំនួនឃើញថា ពេលកន្លងមកក្រសួងការងារបានដាក់ចេញគោលនយោបាយរួចហើយ ប៉ុន្តែគោលនយោបាយនោះមានតែនៅលើក្រដាសមិនមានអនុវត្ត ។ ដូច្នេះ យើងត្រូវប្រែក្លាយគោលនយោបាយទាំងប៉ុន្មានដែលបានដាក់ចេញនោះឱ្យក្លាយជាសកម្មភាព ជាលក្ខណៈប្រព័ន្ធឱ្យបានល្អ ។
លោករដ្ឋលេខាធិការ ពេជ សោភ័ន បញ្ជាក់ថា យើងត្រូវកែប្រែប្រព័ន្ធនេះ ព្រោះបច្ចុប្បន្ននៅទន់ខ្សោយនៅឡើយក្នុងនោះមានន័យថា ការប្រែក្លាយគោលនយោបាយឱ្យទៅជាផែនការសកម្មភាពជាយុទ្ធសាស្ត្រមួយដែលយើងចង់ បាន ។ នាពេលកន្លងមក ក្រសួងការងារបានរៀបចំសិក្ខាសាលាម្តងរួចមកហើយ ប៉ុន្តែយើងមិនទាន់ទទួលបានលទ្ធផលនៅឡើយ ដូច្នេះយើងមានយុទ្ធសាស្ត្រ យើងមានផែនការ ប៉ុន្តែយើងនៅខ្វះថវិកាសម្រាប់គាំទ្រសកម្មភាពដែលធ្វើនោះ ហើយលោកជឿថាអ្វីដែលកំពុងធ្វើនោះនៅលើក្រដាសមិនបានចេញជារូបរាង ។
លោករដ្ឋលេខាធិការសង្កត់ធ្ងន់ថា បញ្ហាដែលសង្កេតឃើញថាមានលក្ខណៈនៅខ្វះខាត នៅទន់ខ្សោយនៅឡើយនោះ គឺការលើកទឹកចិត្តរបស់វិស័យឧស្សាហកម្មផ្នែកឯកជនឱ្យគេមានចំណាប់អារម្មណ៍វិនិយោគនៅប្រទេសកម្ពុជាយើង ហើយនៅពេលដែលគេមកដាក់ទុនវិនិយោគនៅក្នុងប្រទេសយើង ពេលនោះគេបានចូលរួមចំណែកកសាងធនធានមនុស្សដែលនេះជាបញ្ហាដែលយើងមិនទាន់សម្រេចបាននៅឡើយ ។ ប៉ុន្តែផ្ទុយទៅវិញ សព្វថ្ងៃនេះយើងឃើញថា បញ្ហានេះបានកើនឡើងជាច្រើន ប៉ុន្តែវាច្រើនតែខាងផ្នែកសាធារណៈទេ ចំពោះខាងផ្នែកឯកជនពួកគាត់មិនទាន់បានចូលរួមចំណែកខ្លាំងនៅឡើយ ។
ប្រទេសកម្ពុជាយើងកំពុងវិវឌ្ឍទៅតាមស្ថានភាពសង្គមជាដំណាក់កាលរបស់សង្គម ចំណែកប្រទេសកម្ពុជាយើងសព្វថ្ងៃនេះយើងឃើញថា កំពុងតែអភិវឌ្ឍន៍ ។ វិស័យឯកជនកាន់តែមានការរីកធំធាត់ ជាពិសេសវិស័យឯកជនដែលមកពីប្រទេសខាងក្រៅ ជាកម្លាំងចលករមួយក្នុងការលើកទឹកចិត្ត ព្រោះគេអាចនាំយកទាំងថវិកាចំណេះដឹងបទពិសោធន៍ និងចំណេះធ្វើមកចូលក្នុងប្រទេសយើង ក៏ដូចជាមូលដ្ឋានដែលអាចឱ្យធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងមានការរីកចម្រើន និងអភិវឌ្ឍន៍លឿនទៅមុខផងដែរ ៕
ចែករំលែកព័តមាននេះ