ប្រទេសចិនកាលពីថ្ងៃទី១៧ មិថុនា បានបដិសេធពីការអះអាងទាំងឡាយដែលថា អតីតនយោជិតរបស់ CIA ដែលបច្ចុប្បន្នភៀសខ្លួនមកកាន់ក្រុងហុងកុង ជាចារបុរសរបស់ខ្លួន ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រីហួជុនយីញ ក្នុងសន្និសីទសារព័ត៌មានមួយគូសបញ្ជាក់ថា ការពោលបែបនេះពិតជាមិនទំនងទាំងស្រុង ។ លោកស្រីហួនិយាយបែបនេះក្រោយពីអតីតអនុប្រធានាធិបតីអាមេរិកលោកឌីកឆេនី និយាយកាលពីថ្ងៃទី១៦ មិថុនា ថា សង្ស័យលោក EDWARD SNOWDEN ជាភ្នាក់ងារម្នាក់របស់ចិន ហេតុនេះបានជាជននោះជ្រើសរើសយកក្រុងហុងកុងសម្រាប់រត់ភៀសខ្លួន។
លោក SNOWDEN អតីតនិយោជិតរបស់ CIA អាយុ២៩ឆ្នាំ បានភៀសខ្លួនមកកាន់ក្រុងហុងកុង ចាប់តាំងពីថ្ងៃទី២០ ឧសភាមក ។ លោកបានលាតត្រដាងពីកម្មវិធីត្រួតពិនិត្យ២របស់ទីភ្នាក់ងារសន្តិសុខជាតិ NSA របស់សហរដ្ឋអាមេរិក ដោយកម្មវិធីមួយទាក់ទិនដល់ការលួចស្តាប់ការទាក់ទងគ្នាតាមទូរស័ព្ទ ហើយកម្មវិធីទី២ ការធ្វើអាជីវកម្មលើបណ្តាទិន្នន័យតាមអីុនធើរណេត ។ នៅក្រុងហុងកុង លោកបានប្រគល់ឱ្យកាសែត GUARDIAN នូវឯកសារសម្ងាត់បំផុតទាំងឡាយអំពីកម្មវិធីត្រួតពិនិត្យរបស់អាមេរិក ។ ប្រទេសជាច្រើន ក្នុងនោះមានបណ្តាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកផង បានបញ្ចេញប្រតិកម្មដោយកំហឹងចំពោះព័ត៌មានទាំងនេះ ។
លោក EDWARD SNOWDEN បានថ្លែងកាលពីថ្ងៃទី១៧ មិថុនាដែរថា ការពិតកំពុងតែលាតត្រដាង ហើយនឹងពុំអាចបញ្ឈប់បានឡើយ ។ លោកបានបដិសេធយ៉ាងម៉ឺងម៉ាត់ថា លោកពុំមែនជាចារបុរសម្នាក់របស់ចិនឡើយ ។ លោកយល់ថា ការចោទប្រកាន់ថាលោកជាចារបុរសចិនម្នាក់ គ្រាន់តែជាការវាយប្រហារគិតទុកមុនមួយប៉ុណ្ណោះ ។ ក្នុងការទាក់ទងដោយផ្ទាល់ជាមួយបណ្តាអ្នកប្រើអីុនធើរណេតតាមវេបសាយរបស់កាសែតអង់គ្លេស GUARDIAN យុវជនអាមេរិករូបនេះបន្តថា អញ្ជើញសួរខ្ញុំចុះ ប្រសិនបើខ្ញុំជាចារបុរសចិន ហេតុអ្វីបានជាខ្ញុំធ្វើការជាមួយបណ្តាអ្នកកាសែតទៅវិញ ។
ក្នុងបទសម្ភាសន៍មួួយផ្សាយកាលពីថ្ងៃទី១៦ មិថុនាកន្លងមកនេះ តាមទូរទស្សន៍អាមេរិក FOX NEWS អតីតប្រធានាធិបតីអាមេរិកលោកឌីកឆេនីអះអាងពីការសង្ស័យខ្លាំងថា លោក SNOWDEN ជាចារបុរសចិន ។ ត្រូវចាត់ទុកថា ជាមនុស្សក្បត់ម្នាក់ ដោយលោកឌីកឆេនី លោក SNOWDEN និយាយថា ជាមហាកិត្តិយសណាស់ ដោយលោកជាជនអាមេរិកម្នាក់ដែលអាចទម្លាយរឿងនោះ ។ លោកពោលថា អតីតអនុប្រធានាធិបតីរបស់លោកប៊ូសរូបនេះ ជាអ្នកចូលរួមក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យការឆ្លើយឆ្លងទាក់ទងគ្នា ។ រដ្ឋាភិបាលអាមេរិកនឹងពុំអាចរាំងខ្ទប់រឿងនេះដោយចាប់ខ្ញុំដាក់គុក ឬដោយសម្លាប់ខ្ញុំឡើយ។ ការពិតកំពុងតែទម្លាយ ហើយនឹងពុំអាចបញ្ឈប់បានទេ ។
ពេលសួរថា ហេតុអ្វីលោកជ្រើសរើសយកក្រុងហុងកុងដើម្បីភៀសខ្លួនមុនការចេញផ្សាយឯកសារទាំងឡាយដែលលោកលាតត្រដាង លោក SNOWDEN និយាយថា ព្រោះលោកគិតថា រូបលោកនឹងពុំទទួលការកាត់សេចក្តីប្រកបដោយសមធម៌មួយនៅសហរដ្ឋអាមេរិកឡើយ ព្រោះមិនទាន់ស្អីផងគេចោទប្រកាន់លោកពីបទក្បត់ជាតិទៅហើយ ។ទីបំផុត លោក SNOWDEN បានសន្យាផ្តល់ការពន្យល់កាន់តែលម្អិតលើវិធីសាស្ត្រដែល NSA អាចទទួលបានដោយផ្តល់នូវបណ្តាទិន្នន័យឯកជនតាមអីុនធើរណេត ៕
ចែករំលែកព័តមាននេះ