រាជធានីភ្នំពេញ ៖ រថយន្ដដឹកខ្សាច់ម៉ាកហ្វុ៊យសូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-0524 មួយគ្រឿងបើកបោះពួយបត់ចូលដឹកខ្សាច់ជ្រុលទៅបុករ៉ឺម៉កម៉ូតូដឹកទឹកក្រូច បណ្ដាលឱ្យកម្មករ២នាក់រងរបួសធ្ងន់ និងស្រាល ។ គ្រោះថ្នាក់ចរាចណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៨ មិថុនា នៅចំណុចផ្លូវភ្លោះ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ អ្នករងរបួសក្នុងគ្រោះថ្នាក់ ១-ឈ្មោះលី ស្រ៊ាង អាយុ២០ឆ្នាំ ជាកម្មករក្រុមហ៊ុន ស្នាក់នៅឃ្លាំងទឹកក្រូច ក្នុងសង្កាត់ទួលសង្កែ រងរបួសធ្ងន់បែកក្បាល ២-ឈ្មោះប៉ះ សុខរឿន អាយុ២៤ឆ្នាំ ជាកម្មករមានលំនៅជាមួយគ្នា រងរបួសបែកក្បាលពីក្រោយ ។
សាក្សីនិយាយថា មុនពេលកើតហេតុ រថយន្ដដឹកខ្សាច់ម៉ាកហ្វុ៊យសូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-0524 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ។ ពេលមកដល់ផ្លូវភ្លោះត្រង់ផ្លូវរទេះភ្លើងបានបត់ឆ្វេងដៃចូលទៅផ្លូវលំដឹកខ្សាច់នៅដេប៉ូលក់ខ្សាច់ ក៏ជ្រុលបុករ៉ឺម៉កម៉ូតូដឹកទឹកក្រូច ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឱ្យម៉ូតូសណ្ដោងរ៉ឺម៉កខូចខាតយ៉ាងដំណំ ហើយកម្មករ២នាក់រងរបួសធ្ងន់ និងស្រាល ។ ភ្លាមៗអ្នកបើករថយន្ដគេចខ្លួនបាត់ ។ ជនរងគ្រោះទាំង២នាក់ត្រូវរថយន្ដបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ចំណែកម៉ូតូ និងរថយន្ដត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅស្នាក់ការប៉ុស្ដិ៍ ៕
ចែករំលែកព័តមាននេះ