ខេត្តខេត្តពោធិ៍សាត់ ៖ ដោយមានជំនឿទៅលើខាងផ្លូវងងឹតបានធ្វើឲ្យបុរសម្នាក់ និងបក្ខពួកពីរបីនាក់ទៀត កាន់កាំភ្លើងកែច្នៃ និងដំបងចូលទៅវាយ និងបាញ់សម្លាប់យាយតាពីរនាក់ដល់ក្នុងផ្ទះ បណ្ដាលឲ្យតាស្លាប់ ឯយាយរបួសជើងម្ខាង។ ករណីឃាតកម្មនេះកើតឡើងកាលពីម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងផ្ទះរបស់ជនរងគ្រោះផ្ទាល់ ស្ថិតក្នុងភូមិបឹងបត់កណ្ដោល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធូ ធន ភេទប្រុស អាយុ៨៣ឆ្នាំ(ស្លាប់) និងប្រពន្ធឈ្មោះ ហ៊ុន ណែម អាយុ៧២ឆ្នាំ (រងរបួស)។ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន ដារ៉ា ហៅចន្ថា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើជាមួយជនរងគ្រោះដែរ។
តាមសម្តីលោកយាយដែលជាជនរងគ្រោះឲ្យដឹងថា នៅវេលាព្រលប់នោះមានមនុស្សមួយក្រុមមានគ្នាពី៣ទៅ៤នាក់ដើរចូលមកក្នុងផ្ទះរបស់គាត់ ហើយប្រើកំភ្លើងស្នប់បាញ់សំដៅមកលើរូបគាត់ បណ្ដាលឲ្យចំកំភួនជើងខាងឆ្វេងរងរបួសយ៉ាងដំណំ។ បន្ទាប់មកពួកគេប្រើដំបងឈើជ្រុងវាយទៅលើតាដែលជាប្ដីគាត់ជាច្រើនដំបង បណ្ដាលឲ្យបែកក្បាលហូរឈាមស្លាប់នៅលើគ្រែយ៉ាងអាណោចអាធ័ម រួចហើយនាំគ្នាគេចខ្លួនបាត់អស់។
ប្រភពពីអ្នកស្រុក-ភូមិនៅទីនោះនិយាយថា ជនសង្ស័យនេះធ្លាប់មានជម្លោះជាមួយគ្រួសារជនរងគ្រោះដោយចោទប្រកាន់ថា យាយតាខាងលើចេះអំពើធ្មប់ធ្វើឲ្យកូនរបស់គេឈឺ។ មិនតែប៉ុណ្ណោះជនសង្ស័យធ្លាប់គំរាមថា បើកូនរបស់គេស្លាប់ គេក៏សម្លាប់យាយតានេះដែរ។
ទោះយ៉ាងណានេះ គ្រាន់តែជាពាក្យចចាមអារាមតែប៉ុណ្ណោះមិនអាចយកជាការពិតទេ រឿងពិតយ៉ាងណានោះស្ថិតនៅលើការស្រាវជ្រាវរបស់សមត្ថកិច្ច។ ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ