រដ្ឋាភិបាលក្រិកត្រូវបង្ខំចិត្តបើកឡើងវិញជាបណ្តោះអាសន្ននូវវិទ្យុ-ទូរទស្សន៍រដ្ឋ ERT រហូតដល់មានការកែប្រែរចនាសម្ព័ន្ធថ្មី ក្រោយពីការសម្រេចរបស់ក្រុមប្រឹក្សារដ្ឋកាលពីថ្ងៃទី១៧ មិថុនា ។នាយករដ្ឋមន្ត្រីក្រិក លោកអានតូនីសសាម៉ារ៉ាស់ ដែលបានបញ្ជាឱ្យបិទទូរទស្សន៍ ERT កាលពីថ្ងៃទី១១ មិថុនាកន្លងមកនេះ បានប្រាប់ដល់បណ្តាដៃគូក្នុងរដ្ឋាភិបាលចម្រុះពីការលុបចោលការសម្រេចចិត្តរបស់លោកដែលទទួលការរិះគន់យ៉ាងខ្លាំងនៅក្រិក និងនៅឯបរទេសវិញ ប៉ុន្មាននាទីមុនការប្រកាសពីការវិនិច្ឆ័យរបស់ក្រុមប្រឹក្សារដ្ឋ ។
បណ្តាសម្ព័ន្ធមិត្តក្នុងរដ្ឋាភិបាលចម្រុះរបស់លោកសាម៉ារ៉ាស់ ធ្លាប់បានព្រមានពីការផ្ទុះបែករដ្ឋាភិបាលចម្រុះនេះ និងពីលទ្ធភាពនៃការបោះឆ្នោតមុនកាលកំណត់ជាយថាហេតុមួយ ប្រសិនបើនាយករដ្ឋមន្ត្រីរូបនោះនៅតែរក្សាទុកការសម្រេចចិត្តរបស់លោកបិទទូរទស្សន៍ និងវិទ្យុរដ្ឋជាមួយគន្លឹះដកនិយោជិតចេញប្រមាណជា២.៧០០នាក់ ។
ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋក្រិកឱ្យបើកទូរទស្សន៍ និងវិទ្យុរដ្ឋឡើងវិញតាមការប្តឹងតវ៉ារបស់បណ្តានិយោជិត ញ៉ាំងឱ្យមនុស្សជាច្រើនពាន់នាក់ដែលប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ារយៈពេល៧ថ្ងៃជាប់ៗគ្នានៅមុខទីស្នាក់ការរបស់ ERT ស្ថិតនៅជាយក្រុងអាថែន ភាគខាងជើង នាំគ្នាទះដៃអបអរសាទរយ៉ាងកងរំពង ៕
ចែករំលែកព័តមាននេះ