យោងតាមសេចក្តីប្រកាសមួយកាលពីរសៀលថ្ងៃទី១៧ មិថុនា របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី HUA CHUNYING ថា អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសកូរ៉េខាងជើង លោក KIM KYE-KWAN ទទួលបន្ទុកខាងការចរចានុយក្លេអ៊ែរនឹងមកកាន់ប្រទេសចិននាថ្ងៃទី១៩ មិថុនា ដើម្បីចូលរួមក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន លោកZHANG YASUI។
ការជួបគ្នាចិន-កូរ៉េខាងជើងនេះប្រកាសឱ្យដឹងភ្លាមៗ ក្រោយសំណើរបស់ក្រុងព្យុងយ៉ាងឱ្យមានការចរចាកម្រិតខ្ពស់មួយជាមួយក្រុងវ៉ាស៊ីនតោន នឹងជាឱកាសសម្រាប់លោក KIM KYE-KWAN ពន្យល់ពីខ្លឹមសារនៃសំណើនោះប្រាប់ចិន ហើយស្នើជំនួយរបស់ចិន ដើម្បីឱ្យការចរចាអាចលេចរូបរាងជាមួយសហរដ្ឋអាមេរិក ។លោក KIM ជាអ្នកការទូតអាជីពម្នាក់ និងជាប្រមុខគណៈប្រតិភូកូរ៉េខាងជើងក្នុងការចរចា៦ភាគី ស្តីពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ។ នៅលើឆាកអន្តរជាតិ លោកលេចមុខកាលពីខែកុម្ភៈ ឆ្នាំ២០១២ ពេលមានកិច្ចប្រជុំកម្រិតខ្ពស់មួយជាមួយសហរដ្ឋអាមេរិកនៅប្រទេសចិន ៕
ចែករំលែកព័តមាននេះ