ប្រធានាធិបតីថ្មីអីុរ៉ង់ លោកហាសាន់ រ៉ូហានី ថ្លែងកាលពីថ្ងៃទី១៧ មិថុនាថា ការទទួលស្គាល់សិទ្ធិរបស់អីុរ៉ង់សម្រាប់ថាមពលនុយក្លេអ៊ែរ គឺជាលក្ខខណ្ឌជាមុនមួយសម្រាប់ការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ។ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះមានប្រសាសន៍ថា ដើម្បីអាចបើកការចរចាឡើងវិញនោះ បណ្តាអ្នកទទួលខុសត្រូវអាមេរិកត្រូវបញ្ឈប់រាល់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងអីុរ៉ង់ ។ ពួកគេត្រូវទទួលស្គាល់រាល់សិទ្ធិរបស់អីុរ៉ង់ ក្នុងនោះរួមមានសិទ្ធិប្រើថាមពលនុយក្លេអែ៊រផង។ ម៉្យាងទៀតពួកគេត្រូវបោះបង់ចោលវិធានការជាឯកតោភាគីទាំងឡាយប្រឆាំងអីុរ៉ង់ ។
រាល់ការពិភាក្សាជាមួយសហរដ្ឋអាមេរិកត្រូវឈរលើមូលដ្ឋាននៃការគោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក ។ លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ យើងនឹងមិនស្វែងរកការបង្កើនភាពតានតឹងឡើយ ។ ប្រទេសទាំង២ត្រូវគិតថែមទៀតដល់អនាគត ហើយប៉ុនប៉ងប៉ះប៉ូវរឿងអតីតកាល ។ទាក់ទិនដល់យុទ្ធសាស្ត្ររបស់អីុរ៉ង់ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នាលើសំណុំរឿងនុយក្លេអ៊ែរ លោករូ៉ហានី ថ្លែងថា ប្រទេសរបស់លោកនឹងខិតខំធ្វើឱ្យមានតម្លាភាពកាន់តែខ្លាំង ដោយចាត់ទុកទណ្ឌកម្មទាំងឡាយប្រឆាំងអីុរ៉ង់ថា ជាការសង្កត់សង្កិន និងជាអំពើអយុត្តិធម៌ ដោយលោកយល់ថា ទណ្ឌកម្មទាំងនេះទទួលផលចំណេញសម្រាប់អីុស្រាអែលប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ