ខេត្តបន្ទាយមានជ័យ ៖ ជនរងគ្រោះ៤នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូស្គូពីបុកពេញទំហឹងជាមួយវ៉េវ ខណៈដែលជិះបញ្ច្រាសទិសគ្នា ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជូនបន្តពីមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ទៅមន្ទីរមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរីនោះ ត្រូវបានស្លាប់២នាក់ហើយ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ មិថុនា ២០១៣ នេះ ដោយឡែកជនរងគ្រោះម្នាក់ដែលគេគិតថាស្រាល ក៏សន្លប់រហូតដល់ព្រឹកនេះនៅមិនទាន់ដឹងខ្លួនដែរ ។
សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿងមានការខូចខាតទាំងស្រុង ត្រូវបានបញ្ជូនយកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរង់ចាំការដោះស្រាយ ។ សពជនរងគ្រោះ២នាក់ត្រូវបានតម្កល់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរីនៅឡើយ ទោះជាយ៉ាងណា ជនរងគ្រោះទាំង៤នាក់ នៅមិនមានសាច់ញាតិមកមើលទេ ។ សមត្ថកិច្ចមូលដ្ឋានកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសាររបស់ជនរងគ្រោះទាំង៤នាក់នោះ ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡើងដោយម៉ូតូស្គូពី១គ្រឿងដែលជិះបញ្ច្រាសទិសគ្នា ជិះគ្នា២នាក់ និងម៉ូតូវ៉េវ១គ្រឿងជិះគ្នា៣នាក់ បានបុកគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ ហើយក៏បានដឹកយកទៅសង្រ្គោះភ្លាមៗ ដែលហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៧ មិថុនា ២០១៣ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិបាលិល្យេយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៕
ចែករំលែកព័តមាននេះ