ខេត្តព្រះសីហនុ ៖ ភូមិគ្រឹះមួយស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី១៧ មិថុនា បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឡោមព័ទ្ធ និងឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន២៦នាក់ ក្នុងនោះស្ត្រី២នាក់ ពីបទសង្ស័យករណីចាប់ជំរិតតាមអ៊ីនធើរណេត ។
យោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តមួយរូបបង្ហើបឱ្យដឹងថា ការឈានដល់ការឡោមព័ទ្ធភូមិគ្រឹះមួយនេះ ដោយសារសមត្ថកិច្ចមានការសង្ស័យទៅលើជនជាតិចិនទាំងនោះដែលរស់នៅប្រមូលផ្តុំគ្នាជាក្រុម ហើយក៏បានបើកការស៊ើបអង្កេត ទើបឈានដល់ការឃាត់ខ្លួនជាបណ្តោះអាសន្ន រង់ចាំដីកាពីតុលាការដើម្បីឆែកឆេរបន្តឈានទៅដល់ការកំណត់មុខសញ្ញានៃបទល្មើសរបស់ជនជាតិចិនទាំងនោះ ។
ការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ទាំងនេះ គឺក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហេង ប៊ុនទី មេបញ្ជាការរង និងជានាយសេនាធិការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងលោក រៀម ច័ន្ទមុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ ក្រោយការឃាត់ខ្លួន ក្រុមជនជាតិចិនតៃវ៉ាន់ប្រុសស្រីក្មេងៗទាំងនោះមិនព្រមឆ្លើយសារភាពប្រាប់ដល់សមត្ថកិច្ចកងរាជអាវុធហត្ថទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីកងរាជអាវុធហត្ថបានដាក់ការសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់នៅក្រៅប្រទេសតាមប្រព័ន្ធអុីនធើរណេត ដូចដែលពួកគេធ្លាប់ប្រព្រឹត្តកន្លងមកនៅលើទឹកដីក្រុងព្រះសីហនុ ។
រហូតមកដល់ម៉ោង២រសៀលថ្ងៃដដែល នៅពុំទាន់កំណត់មុខសញ្ញាបាននៅឡើយទេ ហើយសមត្ថកិច្ចក៏រង់ចាំដីកាពីតុលាការ ធ្វើការឆែកឆេរភូមិគ្រឹះដែលពួកគេស្នាក់នៅដើម្បីរកភស្តុតាងនានា និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់។
គួររំលឹកថា សម្រាប់ខេត្តព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុននេះ កម្លាំងចម្រុះមាន ប៉ូលិស និងប៉េអឹម ធ្លាប់សហការគ្នាចាប់ខ្លួនក្រុមជនជាតិចិនជាច្រើននាក់ក្នុងករណីដូចគ្នានេះបញ្ជូនទៅក្រសួងមហាផ្ទៃដើម្បីចាត់ការបន្ត ។ (នៅមានត)
ចែករំលែកព័តមាននេះ