ខេត្តកំពង់ចាម ៖ បុរសចំណាស់ម្នាក់ឈ្មោះអ៊ុក យ៉ាត អាយុ៦៣ឆ្នាំ រស់នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម បានត្រូវចោរ៣នាក់ក្នុងនោះមានម្នាក់ស្លៀកពាក់បន្លំធ្វើជាសមត្ថកិច្ចមកចាប់ក្រៀកជាប់ រួចប្លន់យកលុយអស់ជាង៣០០ដុល្លារ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៧ មិថុនា នៅក្បែរហាង៧២ ស្ថិតក្នុងភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ក្រោយពីប្លន់យកលុយហើយក្រុមចោរក៏បានដកយកកូនសោម៉ូតូ ម៉ាកយ៉ាម៉ាហាស៊ីរុសរបស់គាត់ទៅបាត់ទៀតដើម្បីកុំឱ្យគាត់ជិះម៉ូតូដេញតាមទាន់ ។
លោកស៊ឹង ចាន់អូន នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់សំបួរមាស ប្រាប់ឱ្យដឹងថា នាព្រឹកថ្ងៃកើតហេតុនោះ បុរសរងគ្រោះជិះម៉ូតូចេញពីផ្ទះតែម្នាក់ឯងមកផ្សារក្រុងកំពង់ចាម ដើម្បីទិញរបស់របរយកទៅផ្ទះ តែមិនទាន់ដល់ផងក៏ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿងមកក្បែរ រួចធ្វើជាសួរនាំ រកមណ្ឌលកុមារ
កំព្រា ។ លុះពេលគាត់ឈប់ម៉ូតូក៏មានម៉ូតូ១គ្រឿងទៀតជិះគ្នា២នាក់ មកដល់ក្នុងនោះមានម្នាក់ពាក់ខោអាវជាអង្គរក្សប្រដាប់ដោយអាយកូម១គ្រឿងធ្វើជាសមត្ថកិច្ចបានចាប់ក្រៀកបុរសរងគ្រោះជាប់ ហើយលូកយកកាបូបលុយ ថែមទាំងដកយកកូនសោម៉ូតូរបស់គាត់ទៅជាមួយ ហើយក្រុមជនសង្ស័យទាំងនេះក៏នាំគ្នាឡើងជិះម៉ូតូយ៉ាងប្រញាប់គេចចេញមកទិសខាងជើងតាមរង្វង់មូលនាងគង្ហីង រួចគេចខ្លួនបាត់មិនដឹងជាទៅទីណាឡើយ ។
តាមការកត់សម្គាល់ក្នុងចំណោមជនទាំងនោះមានម្នាក់មានវ័យចំណាស់ តែតាមបុរសរងគ្រោះបំភ្លឺប្រាប់សមត្ថកិច្ចថាគាត់មិនស្គាល់ជនទាំងនោះនៅទីណាទេ តែតាមការសន្និដ្ឋានក្រុមនេះ អាចមកពីរាជធានីភ្នំពេញធ្វើព្យុះ ធ្វើភ្លៀង នៅក្នុងក្រុងកំពង់ចាម តាមកន្លែងណាស្ងាត់ៗ ។ លោកស៊ឹង ចាន់អូន បញ្ជាក់ថា កន្លែងកើតហេតុស្ថិតនៅក្បែរហាង«៧២» ប៉ុន្តែឆ្ងាយពីប៉ុស្តិ៍រដ្ឋបាលរបស់លោក និងបានបង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចផងដែរ ។ នៅក្នុងពេលក្រុមចោរកំពុងធ្វើសកម្មភាពនោះមិនមាននរណាម្នាក់អាចចូលទៅជួយបុរសរងគ្រោះបានទេ ។
គួររំលឹកថា កាលពីប៉ុន្មានខែមុននេះ មានលោកតាម្នាក់ ខណៈកំពុងឈរលំហែកាយនៅមាត់ទន្លេម្តុំតោ២ ក្នុងសង្កាត់កំពង់ចាម ក៏មានជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២ទៅ៣នាក់មកសួរនាំ ពីនេះពីនោះ ហើយឱ្យលោកតាចាក់លុយចាញ់អស់ចិញ្ចៀនពេជ្រ១វង់ មានតម្លៃជិត៥.០០០ដុល្លារ ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ ឯជនសង្ស័យខាងលើ គេមិនដឹងថា ជាក្រុមតែមួយឬយ៉ាងណានោះទេ ៕
ចែករំលែកព័តមាននេះ