ខេត្តកំពង់ស្ពឺ ៖ កម្មករសំណង់ម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៣នាក់ទៀតរងរបួសធ្ងន់ ខណៈពេលរុះរើរន្ទាដែកទម្លាក់ទៅដីប៉ះចំខ្សែភ្លើង ដែលមានចរន្តបណ្តាលឱ្យឆក់ធ្លាក់កម្មករទាំង៤នាក់មកដី ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៦ មិថុនា នៅក្នុងការដ្ឋានរោងចក្រមួយ ស្ថិតក្នុងភូមិកន្ទោក ឃុំអង្គពពេល ស្រុកគងពិសី ។
កម្មកររងគ្រោះរហូតដល់ស្លាប់ឈ្មោះ ហង្ស ចាន់ណា អាយុ២២ឆ្នាំ មានទីលំនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ តាមប្រភពព័ត៌មានពីក្រុមកម្មករដែលជូនជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យបានឱ្យដឹងថា មុនពេលកើតហេតុកម្មករទាំង៤នាក់បានឡើងទៅរុះរើរន្ទាដែកដើម្បីប្តូរទីតាំង ។ ខណៈពេលរុះចេញហើយទម្លាក់រន្ទាដែកនោះពីជាន់ទីមួយចុះមកក្រោម ក៏ប៉ះនឹងខ្សែភ្លើងបណ្តាលឱ្យឆក់ធ្លាក់កម្មករទាំង៤នាក់មកដីរងរបួស ហើយត្រូវបានរថយន្តរបស់ក្រុមហ៊ុនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យនៅត្រាំខ្នារ ។ ក្នុងចំណោមកម្មករទាំង៤នាក់មានម្នាក់ធ្ងន់ជាងគេ ត្រូវបានមេការដឹកតាមថយន្តស្តារិក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6459 មកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែគួរឱ្យសោកស្តាយពេលដល់មន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យប្រាប់ថាកម្មកររូបនេះស្លាប់បាត់ទៅហើយ ។
គ្រាន់តែដឹងថាជនរងគ្រោះស្លាប់រថយន្តដែលដឹកជនរងគ្រោះទៅនោះបម្រុងបើកចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវខាងមន្ទីរពេទ្យស្ទាក់ជាប់ និងធ្វើឯកសារប្រគល់សពទៅឱ្យប្រពន្ធ និងសងសំណងចំនួន២.០០០ដុល្លារ ប៉ុន្តែជំហានដំបូងឱ្យសងសំណងចំនួន៥០០ដុល្លារសិន ហើយសពត្រូវបានដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ។ ការធ្វេសប្រហែសក្នុងការងារដែលប្រើប្រាស់សុទ្ធតែរន្ទាដែក ហើយមិនបានយកចិត្តទុកដាក់ពីខ្សែភ្លើង ដែលនៅរាយប៉ាយលើដី ពិសេសកន្លែងដែលមានទឹកដក់ផងគឺគ្រោះថ្នាក់ខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ