ក្នុងនាមជាជនរួមជាតិ ខ្ញុំបាទសូមចូលរួមបញ្ចេញមតិដែលខ្ញុំបាទបានយល់ឃើញនៅក្នុងបរិបទសង្គមប្រជាធិបតេយ្យ តាមរយៈការព្យាយាមចងក្រងនិពន្ធអត្ថបទទស្សនវិភាគនេះ ដោយមានការឈ្វេងយល់រកការពិតយ៉ាងសុក្រឹតអំពីព្រឹត្ដិការណ៍សង្គម(ដំបៅចាស់រើឡើងវិញ)ដែលជាទស្សនទានមួយសម្រាប់បងប្អូនជនរួមជាតិក្រេបយកធ្វើជាមូលដ្ឋាន ក្នុងការសម្រេចចិត្ដបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនៅក្នុងគណបក្សណាមួយដែលខ្លួនពេញចិត្ដសម្រាប់អាណត្ដិទី៥នេះ ។
ពិតណាស់ បងប្អូនជនរួមជាតិទាំងអស់ដែលមានសំណាងកើតនៅលើដែនដីដែលជាទឹកដីអច្ឆរិយ និងចាស់ទុំមួយនៅក្នុងតំបន់អាស៊ី ។ បងប្អូនបានដឹងច្បាស់ហើយអំពីប្រវត្ដិសាស្ដ្រដ៏ជូរចត់របស់យើង ដែលឆ្លងកាត់នូវជម្លោះទាស់ទែងរវាងគ្នានឹងគ្នាតាំងពីសម័យបុរាណកាល ហើយបន្ដអូសបន្លាយរុំារ៉ៃស្ទើរគ្រប់ជំនាន់ ។ ម្យ៉ាងទៀត បានធ្វើឱ្យបាត់បង់ទឹកដីមហានគររបស់យើងស្ទើរតែអស់ទៅហើយ ។ កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត របបរាជានិយមត្រូវបានផុតរលត់កើតមាន សង្គ្រាមកាប់សម្លាប់រង្គាលរវាងជាតិសាសន៍ខ្លួនឯង ។
ប៉ុន្ដែបច្ចុប្បន្ននេះ ខ្មែរយើងទើបតែទទួលបាននូវសេចក្ដីសុខសប្បាយ ហើយចាប់ផ្ដើមប្រឹងប្រែងអភិវឌ្ឍប្រទេសឡើងវិញ ដើម្បីឱ្យស្មើមុខស្មើមាត់នៅលើឆាកអន្ដរជាតិ ដែលជាគន្លងឆ្ពោះទៅរកភាពរីកចម្រើនដូចជាខ្មែរសម័យអង្គរ តាមរយៈការជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជំពីព្រះមហាក្សត្រជាមួយនឹងការដឹកនាំនៃរាជរដ្ឋាភិបាលរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ន ។ ផ្ទុយទៅវិញ ដំបៅចាស់ដែលបានបន្សល់ទុកពីអតីតកាលរបស់យើងបានចាប់ផ្ដើមរើឡើងវិញទៀតហើយ…! ។
គោលនយោបាយខ្មែរសាធារណរដ្ឋដឹកនាំដោយលោក លន់ នល់ រួមនឹងបក្សពួកជាច្រើន ក្នុងនោះមានទាំងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ គាំទ្រដោយសហរដ្ឋអាមេរិក បានយកគ្រាប់បែករាប់រយតោនមកទម្លាក់លើក្បាលប្រជាជនកម្ពុជាយើង ក្នុងរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ហើយលុបបំបាត់របបរាជានិយម ។ របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយលោក ប៉ុល ពត បានកាប់សម្លាប់ខ្មែរខ្លួនឯងស្លាប់រង្គាលរាប់លាននាក់ ហើយដាក់នូវគោលនយោបាយគឺអ្វីៗទាំងអស់គ្មានកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ រួមទាំងទ្រព្យសម្បត្ដិ បងប្អូន កូនចៅ ឪពុកម្ដាយ និងជីវិតខ្លួនឯង គឺសុទ្ធតែជារបស់អង្គការទាំងអស់ ដែលអង្គការគ្រាន់តែសម្រេចឱ្យអ្នកណារស់ទើបអ្នកនោះរស់ ឱ្យអ្នកណាស្លាប់អ្នកនោះនឹងស្លាប់ គ្មានសិទ្ធិតវ៉ា គ្មានការវិនិច្ឆ័យអ្វី ដោយគ្រាន់តែអនុវត្ដនូវពាក្យស្លោករបស់ពួកគេមួយឃ្លាថា «ទុកក៏មិនចំណេញ ដកចេញក៏មិនខាត» ។
នយោបាយទាំងពីរនេះ គឺចាត់ទុកជាគោលនយោបាយដែលមានមនោគមវិជ្ជាបិសាចចូលសណ្ឋិត (លទ្ធិបិសាច) វាឃោរឃៅបំផុតដែលពួកយើងជំនាន់ក្រោយមិនត្រូវយកគំរូតាមនោះឡើយ ព្រោះវាជាដំបៅមួយគ្រោះថ្នាក់បំផុត នៅក្នុងសង្គមខ្មែរពីអតីតកាលក៏ដូចជាបច្ចុប្បន្ន ។ ឥឡូវនេះ ស្រមោលអតីតកាលនៃមនោគមវិជ្ជាបិសាចសណ្ឋិតក្នុងរបបទាំងពីរនេះ បានសម្ងំក្នុងខួរក្បាលនៃមនុស្សមួយចំនួន ស្ថិតក្នុងគណបក្សប្រឆាំងពីររួចស្រេចទៅហើយក្នុងប្រទេសរបស់យើងដែលជាបក្សតាំងខ្លួនជាបិតាប្រជាធិបតេយ្យ ហើយដំបៅនេះវាកំពុងតែរីកធំធាត់យ៉ាងឆាប់រហ័ស និងជ្រាលជ្រៅបំផុតចូលទៅក្នុងបណ្ដាញគោលនយោបាយរបស់ពួកគេ ក្នុងខណៈដែលបក្សប្រឆាំងទាំងពីរនេះបានរួមបញ្ចូលគ្នា ហើយបង្កើតជាបាវចនាមួយហៅថា «សង្គ្រោះជាតិ» ។
ពាក្យថា សង្គ្រោះជាតិ បើស្ដាប់មួយភ្លែតដោយពុំចាប់អារម្មណ៍យើងគិតថា វាល្អសម្រាប់ជនរួមជាតិគ្រប់គ្នា ព្រោះវាអាចជួយសង្គ្រោះយើងទាំងអស់គ្នា ។ ប៉ុន្ដែបើលើកវាយកមកគិតបន្ដិចនោះ នឹងមានការភ័យខ្លាចរន្ធត់យ៉ាងខ្លាំងដោយហេតុថា វាបង្កប់ទៅដោយភាពពិសពុលបំផុតទៅវិញ ព្រោះថា ប្រទេសជាតិរបស់យើងកំពុងតែសុខសប្បាយរីកចម្រើនឥតឈប់ឈរនោះ បែរជាក្រុមអ្នកទាំងនេះធ្វើនយោបាយសង្គ្រោះជាតិ ដែលជាគោលនយោបាយជាន់ដានចាស់នៃស្រមោលអតីតកាល ដែលកាលនោះ សម័យសង្គមរាស្ដ្រនិយមកំពុងរីកចម្រើនលេចធ្លោជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បែរជា លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ហើយបង្កើតរដ្ឋាភិបាលថ្មីឈ្មោះថា «ស្រោចស្រង់ជាតិ» ហើយផ្លាស់ប្ដូររបបរាជានិយមទៅជារបបសាធារណរដ្ឋ ធ្វើឱ្យប្រទេសទាំងមូលដែលទើបតែបានសុខសាន្ដធ្លាក់ចូលទៅក្នុងសង្គ្រាមកាប់សម្លាប់ខ្មែរខ្លួនឯង ។
បើទោះបីជាអ្នកនយោបាយមួយក្រុមនេះ ដែលលាយឡំជាមួយនឹងមនុស្សវង្វេងសញ្ជាតិ(សញ្ជាតិពីរ)កន្លងមកខិតខំបិទបាំងធាតុពិតនៃជីវិតនយោបាយពិសពុលក្រោមស្លាកអ្នកប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ក៏មិនអាចលាក់បាំងធាតុពិតរបស់ខ្លួន ក្រោមក្រសែភ្នែកបងប្អូនជនរួមជាតិទាំងឡាយ ដែលបានឃើញ បានដឹង បានឮ ហើយស្អប់ខ្ពើមពីទង្វើរបស់ពួកទាំងនេះ ។ ជាក់ស្ដែងកន្លងមកថ្មីៗនេះ ដែលកាន់តែបង្ហាញឱ្យឃើញច្បាស់ថែមទៀតនោះ គឺខណៈដែលលោក កឹម សុខា មានតួនាទីជាប្រធានស្ដីទីបក្សសង្គ្រោះជាតិ ធ្វើសេចក្ដីថ្លែងការណ៍គាំទ្ររបបប៉ុល ពត ដោយអះអាងមានន័យថា លោកមិនចងគំនុំរបបប៉ុលពត បើទោះបីជារបបនេះសម្លាប់ឪពុកលោកក៏ដោយ និងគុកទួលស្លែងជាឆាកសិប្បនិមិ្មតដោយវៀតណាមជាអ្នកបង្កើត…ជាដើម ។
ទង្វើនេះវាកាន់តែបង្ហាញពីភាពឃោរឃៅជាងមេដឹកនាំខ្មែរក្រហមមួយចំនួនទៅទៀត ដែលធ្លាប់កាប់សម្លាប់ប្រជាជនដូចជា លោក នួន ជា និងលោក ខៀវ សំផន ដែលអ្នកទាំងពីរចេញមុខសារភាព សុំទោស ព្រមទទួលខុសត្រូវនូវទង្វើរបស់ខ្លួនមុខតុលាការកូនកាត់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣កន្លងមក ។ ដោយឡែកលោក គង់ គាំ មានតួនាទីជាប្រធានគណបក្សសមរង្ស៊ី បាននិយាយគាំទ្ររបប លន់ នល់ មានន័យថា សម្ដេចព្រះនរោត្ដម សីហនុ ជាអ្នកបញ្ជាឱ្យលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គដោយសារមានយួននៅក្នុងស្រុកទៅវិញ ក្នុងខណៈដែលព្រះអង្គ រួមនឹងប្រជាជនទូទាំងប្រទេសក្លាយជាអ្នករងគ្រោះ ដោយសាររបបនេះរួចស្រេចទៅហើយ ។
នៅក្នុងបណ្ដាញរបស់ពួកគេដែលមានលោក សុន ឆ័យ មានតួនាទីជាប្រធានក្រុមតំណាងរាស្ដ្ររបស់គណបក្សសម រង្ស៊ី និងលោក ម៉ម សូណង់ដូ ដែលជាប់ពិរុទ្ធពីបទបង្កើតតំបន់អបគមន៍ប្រឆាំងនឹងរដ្ឋាភិបាលក្នុងទឹកដីខេត្ដក្រចេះកន្លងមក ទៅចូលរួមបញ្ចេញមតិជាមួយនឹងលោក សួន សិរីរដ្ឋា ដែលប្រជាជនកម្ពុជាចាត់ទុកជាមនុស្សក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង ទៅគាំទ្រផ្ដល់កម្លាំងចិត្ដពួកក្រុមសៀមអាវលឿងស្រេកឃ្លានសង្គ្រាម តែងតែមានមហិច្ឆតាចិញ្ចឹមចិត្ដចង់ដណ្ដើមយកទឹកដីរបស់យើងពីជំនាន់មួយទៅជំនាន់មួយ ។
ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨កន្លងមកនេះ ពួកសៀមអាវលឿងដឹកនាំដោយលោកអាប់ភីស៊ីត បានបង្កើតសង្គ្រាមជាមួយកម្ពុជា ក្នុងគោលបំណងលេបត្របាក់ទឹកដី និងប្រាង្គប្រាសាទរបស់យើងមួយចំនួន នៅតាមខ្សែបន្ទាត់ព្រំដែនដូចជា ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី…។ ក្នុងពេលដែលកងយោធពលខេមរភូមិន្ទរបស់យើងជាប់ដៃទប់ទល់ ការពារបូរណភាពទឹកដីជាមួយនឹងសង្គ្រាមឈ្លានពានទិសខាងលិច លោក សម រង្ស៊ី បង្កើតបញ្ហានៅទិសខាងកើតដោយដកតម្រុយបង្គោលព្រំដែនរវាងកម្ពុជាវៀតណាម ក្នុងគោលបំណងបង្កឱ្យមានអរិភាពរវាងប្រទេសទាំងពីរ ។
ចេតនានេះគឺលោក សម រង្ស៊ី ចង់កាត់បន្ថយកម្លាំងយោធាដែលកំពុងប្រយុទ្ធទប់ទល់នៅទិសខាងលិច ដើម្បីងាយស្រួលឱ្យសៀមចូលឈ្លានពានកាន់កាប់ទឹកដីរបស់យើង ដែលអាចឱ្យក្រុមនេះមានឱកាសបង្កចលាចលនយោបាយវឹកវរនៅក្នុងប្រទេស ។ អ្នកនយោបាយបែបនេះ តើបានបង្ហាញពីមនុស្សមានឆន្ទៈការពារប្រជាជន ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីដែរ ឬទេ? ។ មិនតែប៉ុណ្ណោះ ពួកក្រុមសួន សិរីរដ្ឋា ដែលតាំងខ្លួនឯងជាអ្នកបន្ដវេនស្នងរូបរបបសាធារណរដ្ឋ បានរៀបចំគម្រោងបង្កើតកងកម្លាំងប្រដាប់អាវុធនៅក្នុងទឹកដីសៀមដោយមានការគាំទ្រពីសៀមអាវលឿង ដើម្បីប្រកាសសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា មានសម្ដេចទាំងបីជាប្រធាន ដែលកន្លងមកគណបក្សនេះបានប្រឹងប្រែងយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។
ម្យ៉ាងវិញទៀត គណបក្សនេះ(គណបក្សប្រជាជន) មានគោលនយោបាយច្បាស់លាស់ក្នុងការការពារបូរណភាពទឹកដី ការពារជាតិ ការពារសាសនា ការពារព្រះមហាក្សត្រ និងការពារប្រជាជន តាមរយៈគោលនយោបាយឈ្នះ=ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ។ មិនតែប៉ុណ្ណោះ ខិតខំរលាស់ខ្លួនចេញពីសង្គ្រាម តាមរយៈការបង្រួបបង្រួមជាតិ ហើយព្យាយាមប្រឹងប្រែងអភិវឌ្ឍប្រទេសឱ្យរួចផុតពីបន្ទាត់នៃភាពក្រីក្រ ។ នេះគឺជាគោលនយោបាយដែលមានមនោគមវិជ្ជា ទេវតាចូលសណ្ឋិត(លទ្ធិទេវតា) ដែលស្ថិតក្នុងសភាវៈល្អចុះជួយជនរួមជាតិយើង តាមរយៈការធ្វើផ្លូវ ធ្វើស្ពាន ធ្វើប្រឡាយទឹក ធ្វើវត្ដអារាម ធ្វើមន្ទីរពេទ្យ ធ្វើសាលារៀន រកការងារឱ្យប្រជាជនធ្វើ ដឹងសុខដឹងទុក្ខប្រជាជន ធ្វើឱ្យប្រជាជនសុខសាន្ដ មានជីវភាពកាន់តែប្រសើរ ។
ទាំងនេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ណាស់ថា រវាងរបបដែលមានមនោគមវិជ្ជាទេវតាសណ្ឋិត(លទ្ធិទេវតា) តំណាងឱ្យសភាវៈល្អ និងរបបដែលមានមនោគមវិជ្ជាបិសាចចូលសណ្ឋិត(លទ្ធិបិសាច) តំណាងឱ្យសភាវៈអាក្រក់នោះ វាផ្ទុយស្រឡះពីគ្នាដូចទឹក និងប្រេង ព្រោះលទ្ធិបិសាចគេមិនដែលបានកសាងអ្វីទេ ដើរជេរប្រមាថ បោកបញ្ឆោតប្រជាជន ដើរអំពាវនាវឱ្យបរទេសផ្ដាច់ជំនួយជាដើម…។ ម្យ៉ាងវិញទៀត គេចង់ឱ្យមានសង្គ្រាមកាប់សម្លាប់ខ្មែរគ្នាឯងឡើងវិញ ដើម្បីឱ្យលទ្ធិទេវតាដែលជាសភាវៈល្អដួលរលំនោះ ពួកគេនឹងមានឱកាសបំបាត់នូវរបបរាជានិយមដូចពីសម័យសាធារណរដ្ឋដែលក្រុមរបស់ពួកគេធ្លាប់បានធ្វើកន្លងមក ។
សម្រាប់បច្ចុប្បន្ន បើទោះបីជាពួកនេះ ក្រុមនេះ មិនទាន់ប្រមូលផ្ដុំចេញជារូបរាងធំដុំក៏ដោយ ប៉ុន្ដែទង្វើរបស់ពួកគេមិនត្រូវមើលស្រាលឡើយ ដូចពាក្យចាស់លោកថា «អាតូចមិនឈ្នះអាធំ ប៉ុន្ដែអាតូចវាផ្ដុំ អាធំដួលគ្រាំង» ។ ការរីករាលដាលនៃស្លាកស្នាមដំបៅចាស់ ដែលបានចារទុកក្នុងប្រវត្ដិសាស្ដ្រនេះ ប្រសិនបើពុំមានថ្នាំព្យាបាលទាន់ពេលវេលាទេ ដំបៅនេះនឹងរីករាលដាលកាន់តែធំឡើងៗពាសពេញប្រទេសជាក់ជាមិនខាន ។ ដូច្នេះយើងជាជនរួមជាតិ ជាទំពាំងស្នងឫស្សីត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីព្យាបាលជំងឺដំបៅនៅក្នុងសង្គមដ៏កាចសាហាវនេះមិនឱ្យរើឡើងវិញបានឡើយ។
តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី៥នេះ ឱ្យទៅគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើន និងមិនធ្លាក់ចូលទៅក្នុងសង្គ្រាមឡើងវិញ ហើយការពាររបបរាជានិយមដែលកន្លងមក សម្ដេចតេជោ ហ៊ុន សែន ធ្លាប់សន្យានៅចំពោះមុខព្រះភក្ដ្រព្រះបរមសព ព្រះបរមរតនកោដ្ឋ រួចមកហើយ ។ នេះអាចចាត់ទុកថា ជាថ្នាំព្យាបាលយ៉ាងស័ក្ដិសិទ្ធបំផុតសម្រាប់សម្លាប់ជំងឺដែលធ្លាប់បានរុករានទន្ទ្រានក្នុងរាងកាយសង្គមរបស់យើងពីអតីតកាលមិនឱ្យកើតមានបន្ដមកបច្ចុប្បន្ននេះបានឡើយ ៕
ចែករំលែកព័តមាននេះ