ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រាសាទ​ព្រះ​វិហារ​ កម្ពុជា​នឹង​ដោះ​ស្រាយ​ទំនាស់​ដោយ​សន្តិ​វិធី​ ទោះ​បី​រឿង​ក្តី​ឈាន​ដល់​តុលាការ​ ICJ ក្តី​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​លោក​ជំទាវ​អគ្គ​នាយិកាអង្គការ​យូណេស្កូ​ លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​​បរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ បាន​អះ​អាង​ជា​ថ្មី​ថា កម្ពុជាសន្យា​ស្វែងរក​ការ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ និង​មិត្ត​ភាព​ជា​មួយ​ប្រទេស​ថៃ​ទាក់ទង​នឹង​រឿង​ប្រាសាទ​ព្រះ​វិហារ​ បើ​ទោះ​ជា​សំណុំ​រឿង​កំពុង​ស្ថិត​នៅ​តុលាការ​យុតិ្ត​ធម៌​អន្តរ​ជាតិ​ (ICJ) ក៏​ដោយ ។​

រាជ​ធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​លោក​ជំទាវ​អគ្គ​នាយិកាអង្គការ​យូណេស្កូ​ លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​​បរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ បាន​អះ​អាង​ជា​ថ្មី​ថា កម្ពុជាសន្យា​ស្វែងរក​ការ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ និង​មិត្ត​ភាព​ជា​មួយ​ប្រទេស​ថៃ​ទាក់ទង​នឹង​រឿង​ប្រាសាទ​ព្រះ​វិហារ​ បើ​ទោះ​ជា​សំណុំ​រឿង​កំពុង​ស្ថិត​នៅ​តុលាការ​យុតិ្ត​ធម៌​អន្តរ​ជាតិ​ (ICJ) ក៏​ដោយ ។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ បាន​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ឱកាស​ទទួល​ជួប​ពិភាក្សា​ការងារ​មួយ​ចំនួន​ជា​មួយ​លោក​ជំទាវ អុីរីណា​បូកូវ៉ា​ អគ្គ​នាយិកា​អង្គការ​យូណេស្កូ​ កាល​ពី​ថ្ងៃ​ថ្ងៃ​ទី​១៧​ មិថុនា នៅ​ទីស្តីការ​ក្រសួង​ការ​បរ​ទេស។​ ឆ្លើយ​នឹង​សំណួ​រ​របស់​លោក​ជំទាវ​ អុីរីណា​បូកូវ៉ា​ ដែល​សួរ​ថា​ តើ​កម្ពុជា​ដោះស្រាយ​យ៉ាង​ដូចម្តេច​ជា​មួយ​ប្រទេស​ថៃ​ទាក់ទង​នឹង​ទំនាស់​នៅ​ប្រាសាទ​ព្រះ​វិហារ​នោះ​ ? លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង​ បាន​បញ្ជាក់​ជាថ្មី​ថា​ កម្ពុជា​សន្យា​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិ​វិធី​ និង​មិត្ត​ភាព​ជា​មួយ​ប្រទេស​ថៃ​ ដើម្បី​ដោះ​ស្រាយ​រាល់​ទំនាស់​ដែល​ទាក់ទង​នឹង​ប្រាសាទ​ព្រះ​វិហារ​ បើ​ទោះ​ជា​សំណុំ​រឿង​នេះ​ស្ថិត​ក្នុងដៃ​ ICJ ក៏​ដោយ។​

ថ្នាក់​ដឹកនាំ​កម្ពុជា​គឺ​សម្តេច​តេជោ​ ហ៊ុន សែន​ និង​ថ្នាក់​ដឹកនាំ​ថៃ​គឺ​លោក​ជំទាវ​​ យីង​ឡាក់​ ស៊ីណាវ៉ាត្រា​ បានសម្រេច​ជាមួយ​គ្នា​ ហើយ​ថា នឹង​បន្ត​ដោះស្រាយ​បញ្ហា​នោះ​ដោយ​សន្តិ​វិធី​ និង​មិត្ត​ភាព​ ទោះ​បី​ជា​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ទីក្រុង​ឡាអេធ្វើ​ការសម្រេច​យ៉ាងណា​ក៏​ដោយ​ចុះ។ ទន្ទឹម​នោះ​ ភាគី​ទាំង​ពីរ​ក៏​បាន​ឯក​ភាព​ថា​នឹង​អនុវត្ត​តាម​ការសម្រេច​របស់​តុលាការ​ក្រុង​ឡា​អេ​ផងដែរ ។​ ជាក់​ស្តែង​ រហូត​មក​ដល់​ពេល​នេះ​ កម្ពុជា​និង​ថៃ​បាន​បន្ត​ភាព​ស្ងប់​ស្ងាត់​តាមខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ព្រម​ទាំង​បង្ក​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​ប្រកប​មុខ​របរ​ដោះស្រាយ​ជីវ​ភាព​ដោយ​ភាព​សុខ​ដុម​រមនា​ថែម​ទៀត​ ។​

នា​ឱកាស​នោះ​ លោក​ជំទាវ អុីរីណា​ បូកូវ៉ា​  អគ្គ​នាយិកា​អង្គការ​យូណេស្កូ​ ក៏បាន​ស្នើ​សុំ​ប្រទេស​កម្ពុជាជួយ​លើក​សំណើ​ទៅមហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ បើក​ការ​ពិភាក្សា និង​សម្រេច​របៀប​វារៈ​ស្តី​ពី​វប្បធម៌​ចីរភាព និង​ការ​អភិវឌ្ឍ​ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ជំទាវ​។ ការ​ស្នើ​សុំ​នោះ​ត្រូវ​បាន​គាំទ្រ​ដោយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង ផង​ដែរ​ ព្រោះ​ការ​លើក​ឡើង​របស់​លោក​ជំទាវ​ដូចគ្នា​នឹង​ទស្សន​វិស័យ​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣៧​ នៃ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ដែល​បាន​សង្កត់​ធ្ងន់​លើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​នូវ​វប្បធម៌​ និង​បេតិក​ភណ្ឌ​ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​​មក​ទស្សនា​កម្ពុជា​កាន់​តែមាន​ចំនួន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ។​

លោក​ជំទាវ​អគ្គ​នាយិកា​អង្គការ​យូណេស្កូ​ ក៏​បាន​ថ្លែង​នូវ​ការ​អបអរ​សាទរ​យ៉ាង​កក់​ក្តៅ​ចំពោះ​ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​ និង​មិត្ត​ភាព​ជា​មួយ​ថៃ​លើ​ទំនាស់​នៅ​ប្រាសាទ​ព្រះ​វិហារ​ ហើយ​នោះ​ក៏​ជាទិស​ដៅ​របស់​អង្គការ​យូណេស្កូ​ផង​ដែរ​ក្នុង​ការ​រក្សា​ និង​អភិវឌ្ឍន៍​បេតិ​កភណ្ឌ​ពិភព​លោក​នៅ​គ្រប់​វិស័យ​ និង​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​សកល​លោក ៕​