រាជធានីភ្នំពេញ ៖ ទោះជាថ្មីៗកន្លងមកនេះ លោកអភិបាលរាជធានី បានចេញសេចក្ដីប្រកាសហាមរថយន្ដប្រភេទធំៗមិនឱ្យធ្វើចរាចរណ៍ក្នុងរាជធានីពេលថ្ងៃក៏ដោយ គេនៅតែឃើញវត្ដមានរថយន្ដប្រភេទកុងតឺន័រទាំងនោះបើកយ៉ាងគគ្រឹកគគ្រេងលើកំណាត់ផ្លូវនានាក្នុងរាជធានីភ្នំពេញ ពិសេសលើផ្លូវលេខ២៧១ និងផ្លូវវេងស្រេងគ្មានលស់ថ្ងៃ មិនខ្វល់ពីបម្រាមទេ និងតែងបង្កគ្រោះថ្នាក់ផ្សេងៗ ។
ជាក់ស្ដែងរថយន្ដកុងតឺន័របើកបោះពួយលឿនស្លេវតាមផ្លូវលេខ២៧១ ពេលទាញចង្កូតបត់នៅចំណុចភ្លើងស្ដុបទាំងបង្ខំ ក៏ក្រឡាប់ផ្ងារជើងច្រងាងទាំងព្រឹក បណ្ដាលឱ្យកកស្ទះចរាចរណ៍ប្រមាណជាង២ម៉ោង សំណាងណាស់មិនសង្កត់លើអ្នកដំណើរតាមដងផ្លូវ ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ មិថុនា នៅចំណុចស្ដុបគល់ស្ពានមានជ័យ ស្ថិតតាមផ្លូវលេខ២៧១ កែងមហាវិថីព្រះមុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ រថយន្ដកុងតឺន័រពាក់ស្លាកលេខ ភ្នំពេញ3A-0671 និងកន្ទុយមានស្លាកលេខ ព្រះសីហនុ4A-0355 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ ។
តាមព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដកុងតឺន័របើកតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ពេលទៅដល់ចំណុចគល់ស្ពានស្ទឹងមានជ័យកែងមហាវិថីព្រះមុនីរ៉េតជាផ្លូវកោង និងមានភ្លើងស្ដុបផង ស្រាប់តែរថយន្ដនោះបួងចង្កូតបត់ចាក់គួទៅឆ្វេងដៃឡើងស្ពានស្ទឹងមានជ័យ ឆ្ពោះទៅផ្លូវវេងស្រេង តែដោយសារល្បឿនលឿនពេក ស្រាប់តែក្រឡាប់ផ្ងារជើងច្រងាងនៅកណ្ដាលថ្នល់គល់ស្ពានត្រង់ចំណុចភ្លើងស្ដុប ។ ពេលក្រឡាប់នោះ ចាត់ទុកជាសំណាងណាស់ដែលពុំបណ្ដាលឱ្យអ្នកដំណើរណាម្នាក់រងរបួស តែបង្កឱ្យកកស្ទះចរាចរណ៍រយៈពេលប្រមាណជាង២ម៉ោង ។ នៅព្រឹកនោះតំណាងក្រុមហ៊ុនរថយន្ដកុងតឺន័រ បានសហការជាមួយប៉ូលិសស្ទូចយករថយន្ដទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ រហូតដល់វេលាម៉ោង១២និង៣០នាទី ទើបសមត្ថកិច្ចសម្រួលចរាចរណ៍បានធម្មតាឡើងវិញ។
មានមតិជាច្រើនបានលើកឡើងថា រថយន្ដធុនធំកំពុងធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេងក្នុងរាជធានីទាំងយប់ទាំងថ្ងៃមិនខ្វល់ពីបម្រាមរបស់សាលារាជធានីភ្នំពេញទេ និងតែងបង្កគ្រោះថ្នាក់ផ្សេងៗ ពិសេសផ្លូវមួយចំនួនមានផ្លូវវេងស្រេង ជាដើមបានទទួលរងការខូចខាតយ៉ាងដំណំ ៕
ចែករំលែកព័តមាននេះ