រាជធានីភ្នំពេញ ៖ បន្ទាប់ពីសារព័ត៌មានកោះសន្តិភាពចេញផ្សាយពីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនចាំម៉ាកមួយគ្រឿងជិះបុកអ្នកជិះម៉ូតូពីក្រោយ បណ្តាលឱ្យកូនស្រី-ម្តាយ និងក្មួយប្រុសអាយុទើបតែមួយខួបកន្លះដួលសន្លប់ទាំង៣នាក់ ហើយរថយន្តក៏បើករត់បាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥ទៀបភ្លឺថ្ងៃទី២៧ ឧសភាកន្លងទៅ នៅចំណុចភូមិអូរពោធិ៍ ឃុំរម្យមុនី ស្រុករវៀង ខេត្តព្រះវិហារ ។
ស្ត្រីរងគ្រោះជាម្តាយឈ្មោះ ខាន់ សារុន អាយុ៥២ឆ្នាំ ជាកម្មករជម្រះស្មៅនៅចម្ការកៅស៊ូ មានទីលំនៅភូមិឫស្សីដូច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ របួសបាក់ឆ្អឹងជំនីរអស់២ និងបែកក្បាល ។ ចំណែកកូនស្រីឈ្មោះ ដុក ស្រីរ័ត្ន អាយុ១៨ឆ្នាំ បាក់ថ្គាម និងបាក់ជើងស្តាំ ចំណែកចៅប្រុសអាយុទើបតែមួយខួបកន្លះរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ ។ បុ៉ន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បានបញ្ជូនស្ត្រី២នាក់ម្តាយ និងកូនស្រីទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយគាត់អត់មានប្រាក់ព្យាបាលជំងឺបានសុំគ្រូពេទ្យស្នាក់នៅអគារសម្រាប់អ្នកក្រីក្រ ។ ដោយសារមើលឃើញពីស្ថានភាពគ្រួសាររបស់គាត់ក្រីក្រពេក ទើបសប្បុរសជនបានផ្តល់ជាអំណោយតាមរយៈសារព័ត៌មានកោះសន្តិភាព សរុបជាទឹកប្រាក់ចំនួន២០០ដុល្លារ និង២០ម៉ឺនរៀល ។
អំណោយដ៏ថ្លៃថ្លានេះ តំណាងសារព័ត៌មានកោះសន្តិភាពបាននាំយកទៅផ្តល់ជូនស្ត្រីកម្សត់ដែលកំពុងស្នាក់នៅផ្ទះបងប្រុសជាមនុស្សពិការជើងនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ប្រាក់អំណោយដែលផ្តល់ឱ្យនេះជាការជួយឧបត្ថម្ភរបស់ឯកឧត្តម អ៊ុក រ៉ាប៊ុន និងលោកជំទាវ គឹម រ៉ាវី ជាភរិយា រួមជាមួយលោកឧកញ៉ា ស្រី ងួន និងលោកជំទាវឧកញ៉ា ស្រី វុទ្ធី ជាភរិយានូវទឹកប្រាក់២០០ដុល្លារ ។
ចំណែកលោក តែ សុខឡុង និងក្រុមគ្រួសារក៏បានឧបត្ថម្ភនូវទឹកប្រាក់២០ម៉ឺនរៀលផងដែរ ។
ស្ត្រីចំណាស់ និងកូនបានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយទានដ៏មានតម្លៃនេះ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិតាមជួយបីបាច់ថែរក្សាសប្បុរសជន សូមឱ្យជួបតែសេចក្តីសុខ និងចម្រុងចម្រើនជារៀងរហូត ៕
ចែករំលែកព័តមាននេះ