ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី១៦ មិថុនា បានស្នើចំពោះសហរដ្ឋអាមេរិកបើកការចរចាគ្នាមួយ ស្តីពីការរំសាយនុយក្លេអ៊ែរ ហើយសម្រាលភាពតានតឹងនៅឧបទ្វីបកូរ៉េ ដែលសំណើនោះក្រុងវ៉ាស៊ីនតោនបានសម្តែងសមានចិត្ត តែជាដំបូងចង់ឃើញសកម្មភាពជាក់ស្តែងទាំងឡាយជាមុនសិន ។
ក្នុងសេចក្តីប្រកាសមួយផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA គណៈកម្មាធិការការពារជាតិកូរ៉េខាងជើងថ្លែងថា យើងស្នើឱ្យមានការចរចាកម្រិតខ្ពស់រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដើម្បីធានាដល់សន្តិភាព ហើយសម្រាលភាពតានតឹងក្នុងឧបទ្វីបកូរ៉េ ។ សំណើនេះធ្វើឡើង បន្ទាប់ពីភាពតានតឹងយ៉ាងខ្លាំងរយៈពេលជាច្រើនខែក្នុងតំបន់ ក្រោយការសាកល្បងនុយក្លេអ៊ែរលើកទី៣របស់ក្រុងព្យុងយ៉ាង កាលពីខែកុម្ភៈ ។ នេះជាសំណើដ៏កម្រ ក៏ប៉ុន្តែការជួបគ្នាកម្រិតខ្ពស់មួយដែលគ្រោងធ្វើរវាងកូរ៉េទាំង២នាថ្ងៃទី១២ មិថុនាកន្លងមកនេះ ត្រូវលុបចោលវិញនៅនាទីចុងក្រោយ ដោយសារបញ្ហាពិធីការដ៏សាមញ្ញមួយប៉ុណ្ណោះ ។
គណៈកម្មាធិការការពារជាតិកូរ៉េខាងជើងគូសបញ្ជាក់ថា កូរ៉េខាងជើងពិតជាចង់ឱ្យមានការចរចានានាលើបញ្ហាធំៗមួយចំនួន ក្នុងនោះរួមមានទិសដៅរបស់សហរដ្ឋអាមេរិកឱ្យសម្រេចបានពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ ក៏ប៉ុន្តែលក្ខន្តិកៈជាមហាអំណាចនុយក្លេអ៊ែររបស់យើងនឹងត្រូវរក្សាទុកសិន រហូតដល់ការគំរាមកំហែងនុយកេ្លអ៊ែរពីខាងក្រៅ នឹងត្រូវបញ្ឈប់ទាំងស្រុង ។ គណៈកម្មាធិការនេះស្នើដល់ក្រុងវ៉ាស៊ីនតោនឱ្យបោះបង់ចោលបណ្តាទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដោយអះអាងថា រាល់ការរីកចម្រើននាពេលអនាគតពឹងផ្អែកទាំងស្រុងលើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវពីសំណាក់សហរដ្ឋអាមេរិក ។
ក្រុងវ៉ាស៊ីនតោនបានរំលឹកកាលពីថ្ងៃទី១៦ មិថុនាថា ការចរចាជាមួយក្រុងព្យុងយ៉ាងត្រូវតែជាការចរចាពិតប្រាកដ ។ តាមទូរទស្សន៍ CBS អគ្គលេខាធិការសេតវិមានលោក DENIS MCDONOUGH គូសបញ្ជាក់ថា យើងនឹងធ្វើការវិនិច្ឆ័យលើសកម្មភាពជាក់ស្តែងទាំងឡាយពុំមែនតាមរយៈសេចក្តីថ្លែងការណ៍យកតែល្អមើលទាំងឡាយរបស់ក្រុងព្យុងយ៉ាងឡើយ ។ រាល់ការចរចាត្រូវឈរលើការមិនឱ្យសាយភាយអាវុធនុយក្លេអ៊ែរ ដូចជាមិនមានការរត់ពន្ធបច្ចេកវិទ្យានុយក្លេអ៊ែរ និងផ្នែកឯទៀតៗ ។ និយាយរួមមកពុំមែនតែពាក្យគ្រាន់តែថាទេ ដើម្បីឱ្យមានការលុបចោលទណ្ឌកម្មទាំងឡាយដែលគាំទ្រទាំងដោយរុស្ស៊ី ហើយសំខាន់បំផុតទាំងដោយប្រទេសចិននោះ ។
ក្រុងព្យុងយ៉ាងបានឆ្លើយតបវិញថា ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់សម្រាលភាពតានតឹងនៅឧបទ្វីបកូរ៉េ ហើយធានាសន្តិភាព និងសន្តិភាពនៅលើអាមេរិក និងក្នុងតំបន់ពិតប្រាកដមែន នោះសហរដ្ឋអាមេរិកពុំត្រូវលើកឡើងពីលក្ខខណ្ឌនានាសម្រាប់ការចរចា និងការប្រាស្រ័យទាក់ទងគ្នានោះទេ ។ពួកអ្នកវិភាគយល់ថា វាមានលទ្ធភាពតិចតួចណាស់ដែលក្រុងវ៉ាស៊ីនតោនទទួលយកសំណើនេះរបស់ក្រុងព្យុងយ៉ាងនោះ ប្រសិនបើក្រុងព្យុងយ៉ាងពុំធ្វើសកម្មភាពជាក់ស្តែងនានាសំដៅឱ្យមានការរំសាយនុយកេ្លអ៊ែរជាលក្ខខណ្ឌពុំអាចអត់បាន សម្រាប់សហរដ្ឋអាមេរិក ចាប់ផ្តើមការចរចាគ្នាជាមួយកូរ៉េខាងជើង ។
លោកគីមយ៉ុងហ៊ី អ្នកជំនាញការម្នាក់នៃសាកលវិទ្យាល័យ DONGGUK ក្រុងសេអ៊ូលយល់ថា កូរ៉េខាងជើងស្ថិតក្រោមការគាបសង្កត់ដើម្បីបញ្ចេញសញ្ញាបង្រួបបង្រួមខ្លះចៀសវាងកុំឱ្យស្ថិតនៅឯកោកាន់ែតខ្លាំងថែមទៀត ពិសេសចំពោះចិន ។ ប្រធានាធិបតីចិនត្រូវទទួលប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី PARK GEUN-HYE នៅក្រុងប៉េកាំងនាថ្ងៃទី២០ មិថុនា ខាងមុខនេះ៕
ចែករំលែកព័តមាននេះ