រាជធានីភ្នំពេញ ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ និងស្រាលដោយសារម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ។ គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ មិថុនា នៅលើកំណាត់ផ្លូវលេខ២១៧ហៅផ្លូវចំការដូង ត្រង់ចំណុចមុខវត្តសំបួរមាស ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ម៉ូតូទាំងពីរគ្រឿងដែលបើកបុកគ្នាពេញទំហឹងនោះមួយគ្រឿងមា៉កសង់កូរ៉េសេ១០០ ពណ៌ក្រហម អត់ស្លាកលេខ បើកបរដោយយុវជនម្នាក់មិនស្គាល់ឈ្មោះ ចំណែកម៉ូតូមួយគ្រឿងទៀតមា៉កហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1D-5065 ជិះគ្នាពីរនាក់ ហើយអ្នកបើកបរមិនបានស្គាល់ឈ្មោះ ។
តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូមា៉កសង់កូរ៉េ ពណ៌ក្រហមជិះម្នាក់ឯង ពីត្បូងទៅជើងក្នុងល្បឿនលឿន ។ ចំណែកម៉ូតូឌ្រីមបើកបរធ្វើដំណើរពីជើងទៅត្បូងបញ្ច្រាសទិសគ្នា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឱ្យដួលរងរបួសធ្ងន់ និងស្រាលទាំងអស់គ្នា ។ អ្នករបួសធ្ងន់ត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ឯអ្នករបួសស្រាលត្រូវប៉ូលិសសាកសួរ ។
ម៉ូតូទាំងពីរគ្រឿងរងនូវការខូចខាតទាំងសងខាង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេល ក្រោយ ៕
ចែករំលែកព័តមាននេះ