រាជធានីភ្នំពេញ ៖ កូនត្រីឆ្តោរាប់សែនក្បាលត្រូវបានស្ត្រីម្នាក់រត់ពន្ធចេញពីព្រំដែនកម្ពុជា-វៀតណាម ដោយឆ្លងកាត់បារ៉ាស់សមត្ថកិច្ចគ្រប់កន្លែងចូលមកភ្នំពេញ ។ លុះពេលទៅដល់ក្នុងភូមិសាស្ត្រសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានប៉ូលិសប្រទះឃើញហើយមានការសង្ស័យ ក៏បានឃាត់ឱ្យឈប់ដើម្បីត្រួតពិនិត្យ ។ ប៉ុន្តែរថយន្តដឹកកូនត្រីឆ្តោដែលបើកបរដោយស្ត្រីម្នាក់នោះមិនព្រមឈប់ ហើយថែមទាំងបន្ថែមល្បឿនយ៉ាងលឿនបើកគេចខ្លួន និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចប៉ូលិសចំនួន៣ប៉ុស្តិ៍ដេញតាមចាប់រថយន្តនោះ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី១៦ មិថុនា នៅក្នុងភូមិសាស្ត្រសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តដឹកកូនត្រីឆ្តោមួយគ្រឿងនោះម៉ាកតូយ៉ូតាកាមរីស៊េរីឆ្នាំ១៩៩៥ ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ សៀមរាប 2A-6413 បើកបរដោយស្ត្រីម្នាក់ឈ្មោះ ទេព សុម៉ាលីន អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
ប្រភពព័ត៌មានឱ្យដឹងថា ស្ត្រីរូបនេះចេះបើករថយន្តយ៉ាងស្ទាត់ជំនាញ ដោយបានបើកគេចពីកម្លាំងសមត្ថកិច្ច ហើយតាមប្រភពព័ត៌មានជំហានដំបូងមិនទាន់ជាផ្លូវការបានឱ្យដឹងថា ស្ត្រីរូបនោះមានអាវុធខ្លីមួយដើមផង និងត្រូវបានសមត្ថកិច្ចប៉ូលិសដកហូតទុក ។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ស្ត្រីឈ្មោះ ទេព សុម៉ាលីន នោះ បានបើកបររថយន្តដឹកកូនត្រីឆ្តោរាប់សែនក្បាលរត់ពន្ធចេញពីព្រំដែនកម្ពុជា-វៀតណាមចូលមកភ្នំពេញ ដើម្បីបោះឱ្យម៉ូយយកទៅចិញ្ចឹមដោយខុសច្បាប់។ ខណៈនោះស្ត្រីខាងលើបានបើកបររថយន្តក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ។ លុះពេលទៅដល់ភូមិសាស្ត្រសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានប៉ូលិសប្រទះឃើញ ក៏ឃាត់ឱ្យឈប់ដើម្បីត្រួតពិនិត្យ ។ ប៉ុន្តែស្ត្រីអ្នកបើកបររថយន្តនោះមិនព្រមឈប់នោះទេ ហើយបានបន្ថែមល្បឿនកាន់តែលឿនដើម្បីបើកគេចខ្លួន ដែលបង្កឱ្យសមត្ថកិច្ចប៉ូលិសកាន់តែមានការសង្ស័យខ្លាំងឡើង រហូតធ្វើឱ្យនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ទាក់ទងទៅកម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅ និងប៉ុស្តិ៍គោករកា ដើម្បីសហការគ្នាដេញតាម និងស្ទាក់ចាប់រថយន្តនោះ ។ ពេលរថយន្តខាងលើបើកទៅដល់ក្នុងភូមិសាស្ត្រសង្កាត់គោករកា ក៏បកក្បាលត្រឡប់ក្រោយវិញ និងត្រូវបានសមត្ថកិច្ចប៉ូលិសចាប់បាននៅម្តុំជិតវត្តក្រាំងធ្នង់។
ប្រភពដដែលបានបន្តថា ក្រោយពេលចាប់បាន សមត្ថកិច្ចបាននាំយកទាំងរថយន្ត និងម្ចាស់ទៅកាន់បុ៉ស្តិ៍ក្រាំងធ្នង់ ប៉ុន្តែមិនបានឃាត់ខ្លួនស្ត្រីម្នាក់នោះទេ ដោយបណ្តោយឱ្យនាងដើរ និងទូរស័ព្ទរកការអន្តរាគមន៍ដោយសេរី ។ ក្រោយពេលសាកសួរត្រួសៗរួចមក លោកនាយរងប៉ូលិសប៉ុស្តិ៍ក្រាំងធ្នង់បានបញ្ជូនស្ត្រីរូបនោះ និងរថយន្តដឹកកូនត្រីឆ្តោបន្តទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ។ លុះពេលទៅដល់ លោក យស់ ណារិន នាយរងផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានហៅស្ត្រីរូបនោះឱ្យចូលក្នុងបន្ទប់ ។ មួយសន្ទុះក្រោយមក ស្រាប់តែគេឃើញស្ត្រីនោះដើរចេញមកវិញ ហើយបើករថយន្តដឹកកូនត្រីឆ្តោចេញទៅបាត់ស្រមោល ។
ប្រភពព័ត៌មានមួយទៀតបាននិយាយថា កូនត្រីឆ្តោត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទហាមឃាត់មិនឱ្យចិញ្ចឹមនោះឡើយ ហើយស្ត្រីខាងលើនាំចូលកូនត្រីឆ្តោបែបនេះគឺជាអំពើខុសច្បាប់ ។ ប៉ុន្តែផ្ទុយទៅវិញ បែរជានាំចូលដោយរលូន ហើយពេលចាប់បាន ប៉ូលិសបែរជាដោះលែងដោយស្ងាត់ៗទៅវិញ ។ លោក យស់ ណារិន នាយរងផ្នែកប៉ូលិសព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា លោកមិនហ៊ានឃាត់ស្ត្រីរូបនោះទេ ស្ត្រីរូបនោះរកស៊ីអ៊ីចឹងស្គាល់មេៗខាងលើ ហើយមេឱ្យដោះលែង លោកត្រូវតែដោះលែង ៕
ចែករំលែកព័តមាននេះ