រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2Q-0087 ខណៈបើកជែងរថយន្តឡិចស៊ីសក៏ជ្រុលទៅខាងឆ្វេងដៃបុករនាំងដែកពុះចែកផ្លូវបាក់អស់៥ផ្ទាំង ហើយរថយន្តបើករត់ចូលទៅនៅសណ្ឋាគារព្រីនសេស នៅវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ មិថុនា តាមមហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសឱ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉ូឡាព្យាយាមបើកជែង រថយន្តឡិចស៊ីស ប៉ុន្តែខាងរថយន្តឡិចស៊ីសមិនអនុញ្ញាតឱ្យជែង ហើយរថយន្តកូរ៉ូឡាក៏ចេះតែព្យាយាមរុលទៅមុខជ្រុលទៅបុករះរនាំងដែកពុះចែកផ្លូវបាក់អស់៥ផ្ទាំង ហើយបើករត់ទាំងរថយន្តបែកកង់មុខទាំងពីរ និងខូចខាតចំហៀងខាងឆ្វេងចូលទៅក្នុងសណ្ឋាគារព្រីនសេសដេកធ្វើព្រងើយ ។
នគរបាលខណ្ឌ៧មករាបានប្រទះឃើញរថយន្តកូរ៉ូឡា ដែលរងការខូចខាតនៅក្នុងសណ្ឋាគារហើយបានសាកសួរទៅសន្តិសុខយាម តែត្រូវសន្តិសុខព្យាយាមបិទបាំង ។ ទោះយា៉ងណាសមត្ថកិច្ចបានហៅរថយន្តមកស្ទូចរថយន្តកូរ៉ូឡាយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ។ ចំណែកបុរសជាអ្នកបើករថយន្ត សមត្ថកិច្ចកំពុងទំនាក់ទំនងជាមួយម្ចាស់សណ្ឋាគារដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ