នាយករដ្ឋមន្ត្រីតួកគី លោករីសេប តៃយីប អ័រដូហ្គាន កាលពីថ្ងៃទី១៦ មិថុនា បានប្រមូលផ្តុំពួកអ្នកគាំទ្រលោកជាច្រើនពាន់នាក់ ក្នុងឱកាសនៃការប្រមូលផ្តុំមនុស្សដ៏ធំមួយនៅក្រុងអីុស្តង់ប៊ុល ខណៈដែលកងកម្លាំងប៉ូលិសបានប្រើគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ដើម្បីបំបែកបាតុករប្រឆាំងរដ្ឋាភិបាលនៅកណ្តាលទីក្រុងនេះ ។
ឮនាយករដ្ឋមន្ត្រីតួកគីថ្លែងនៅមុខពួកអ្នកគាំទ្រលោក ដែលគ្រវីទង់ជាតិថា ចលនាតវ៉ារយៈពេល២សប្តាហ៍ចុងក្រោយនេះ ត្រូវបានរៀបចំធ្វើដោយពួកភេរវករ ។ លោកបានបដិសេធការចោទប្រកាន់នានាដែលថា លោកប្រកាន់ឥរិយាបថដូចជាជនផ្តាច់ការម្នាក់ ។
ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងវិថីទាំងឡាយក្បែរទីលានតាក់ស៊ីម ពេលលោកអ័រដូហ្គានថ្លែងសុន្ទរកថាមួយដើម្បីប៉ុនប៉ងរារាំងពួកបាតុករដែលត្រូវរុញច្រានចេញពីទីលាននោះដោយកម្លាំង កាលពីយប់ថ្ងៃទី១៥ មិថុនា ហើយពួកបាតុករទៅប្រមូលផ្តុំគ្នានៅឧទ្យាន GEZI ក្បែរទីលាននេះ ។
ក្នុងសុន្ទរកថាលោកអ័រដូហ្គានមានប្រសាសន៍ថា ពួកបាតុករអះអាងថា ខ្ញុំប្រកាន់ជំហររឹងពេក ហើយពួកគេចាត់ទុករូបខ្ញុំថាជាជនផ្តាច់ការ ។ ក៏ប៉ុន្តែតើជនផ្តាច់ការបែបណាទៅដែលសុខចិត្តឱ្យពួកបាតុករកាន់កាប់ឧទ្យាន GEZI រួមជាមួយពួកអ្នកការពារបរិស្ថានពិតប្រាកដនោះ? តើបែបនេះជាជនផ្តាច់ការប្រាកដមែនឬ? លោកយល់ថា ចលនាតវ៉ានេះគ្រាន់តែជាលេសរបស់ពួកជនភាគតិចដែលចង់គ្រប់គ្រងលើមនុស្សភាគច្រើនប៉ុណ្ណោះ ។ យើងនឹងមិនអនុញ្ញាតឱ្យមានចលនាបែបនេះតទៅទៀតទេ ។
ការប្រមូលផ្តុំមនុស្សដ៏ធំនេះគឺនៅកន្លែងមួយចម្ងាយត្រឹមប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីទីលានតាក់ស៊ីម និងឧទ្យាន GEZI ជាកន្លែងបោះជំរំតវ៉ា ចាប់តាំងពីដំណាច់ខែឧសភាមក ។
មុនការប្រមូលផ្តុំមនុស្សនេះ អាជ្ញាធរតួកគីបានបោសសម្អាតពួកបាតុករនៅទីលានតាក់ស៊ីម និងច្រកចូលទាំងឡាយក្រោយអន្តរាគមន៍របស់កងកម្លាំងប៉ូលិស ដើម្បីបំបែកពួកបាតុករដែលបោះជំរំក្នុងឧទ្យាន GEZI ជិតខាង ។ បណ្តាប៊ុលដូហ្ស័រ បានកម្ទេចរបាំងរាំងផ្លូវទាំងឡាយ ចំណែកបណ្តានិយោជិតក្រុងសម្អាតដងវិថីទាំងឡាយដែលឡោមព័ន្ធដោយកងកម្លាំងប៉ូលិស ។
នៅរដ្ឋធានីអង់ការ៉ា កាលពីថ្ងៃទី១៦ មិថុនា កងកម្លាំងប៉ូលិសបានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ដើម្បីបំបែកពួកបាតុករជាច្រើនរយនាក់ដែលរាំងខ្ទប់ផ្លូវទាំងឡាយនៅសង្កាត់ KIZILAY ។
រដ្ឋាភិបាលតួកគីអះអាងថា ការតវ៉ាទាំងឡាយរៀបចំធ្វើឡើងដោយបណ្តាអង្គការលួចលាក់ ដែលចង់សាបព្រោះភាពចលាចលក្នុងប្រទេស ។ចំណែកសហជីពតួកគី២បានប្រកាសពីទិវាកូដកម្មទូទៅមួយនាថ្ងៃទី១៧ មិថុនា ជាប្រតិកម្មតបចំពោះអន្តរាគមន៍របស់ប៉ូលិសនៅឧទ្យាន GEZI ។ សហជីពទាំង២នោះប្រកាសថា អង្គការ៣ទៀតក៏នឹងចូលរួមក្នុងចលនានេះដែរ ៕
ចែករំលែកព័តមាននេះ