ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ជំរុញ​ឱ្យ​ផ្សព្វផ្សាយ​បុណ្យ​សមុទ្រ​ដើម្បី​ទាក់ទាញ​ទេសចរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សល់​មិន​ដល់​១​ខែ​ទៀត​ទេ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នឹង​ឈាន​ចូល​មក​ដល់ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកោះកុង ជា​ខេត្ត​មួយ​មាន​សក្តានុពល​ទាំង​ទេសចរណ៍ និង​វិនិយោគ ។…

រាជធានី​ភ្នំពេញ ៖ នៅ​សល់​មិន​ដល់​១​ខែ​ទៀត​ទេ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នឹង​ឈាន​ចូល​មក​ដល់ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកោះកុង ជា​ខេត្ត​មួយ​មាន​សក្តានុពល​ទាំង​ទេសចរណ៍ និង​វិនិយោគ ។

យោង​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា បុណ្យ​សមុទ្រ​លើក​ទី​៧​នេះ នឹង​ត្រូវធ្វើ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ត្រូវ​រៀបចំ​ឲ្យ​កាន់តែ​ធំ​ជាង​មុន និង​រំពឹង​ទទួល​បាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​ប្រមាណ​៣០​ម៉ឺន​នាក់ ។ ទោះ​យ៉ាងនេះ​ក្ដី ដើម្បី​ទទួល​បាន​ភ្ញៀវ​ទេសចរ​ដូច​ការ​រំពឹង​ទុក អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា បាន​ផ្ដល់​យោបល់​ថា ក្រសួង ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ជំរុញ​ការ​ផ្សព្វ ផ្សាយ​ពី​សេវាកម្ម​នានា​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ព្រោះ​កោះកុង ជា​ខេត្ត​នៅ​ដាច់​ស្រយាល​មួយ​ដែល​សេវាកម្ម​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​មាន​កម្រិត​នៅឡើយ ។

លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍​ថា ខេត្តកោះកុង ជា​ខេត្ត​មួយ​ដែល​មានការ​ទាក់ទាញ​ច្រើន ក៏​ប៉ុន្តែ​ពលរដ្ឋ​ទាំងអស់​បានដឹង​និង​លឺ​ហើយ​ថា សេវាកម្ម​ស្នាក់​នៅ និង​ម្ហូបអាហារ​ក្នុង​ខេត្ត​មួយ​នេះ​នៅ​មាន​កម្រិត​នៅឡើយ ដូចនេះ​ពលរដ្ឋ​កំពុង​គិត​ថា បើ​ទៅ​លេង គួរ​ត្រូវធ្វើ​យ៉ាងម៉េច ? លោក​ជំទាវ​បន្ដ​ថា ៖« ដូចនេះ គួរតែ​មានការ​រៀបចំ​ផ្សព្វផ្សាយ​បន្ថែម​អំពី​សេវាកម្ម​នានា ដូច​ជា ការ​ស្នាក់​នៅ និង​ម្ហូបអាហារ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នានា​ឱ្យ​បាន​ទូលំទូលាយ ទើប​អាច​ទទួល​បាន​ភ្ញៀវ​ដូច​ក្រសួងទេសចរណ៍​ធ្លាប់​បាន​រំពឹង​ទុក »​។

លោក​ជំទាវ​លើក​ឡើង​ថា ជា​ទូទៅ​នៅ​ពេល​មាន​ពិធីបុណ្យ​សមុទ្រ​ឬ​ទន្លេ​ម្តង​ៗ ឃើញ​ថា ពលរដ្ឋ​ក្នុងស្រុក​មានការ​ចាប់អារម្មណ៍​ច្រើន​ជាង​បរទេស ដោយសារ​ពួក​គាត់​ដឹង​ថា ពិធីបុណ្យ​ទាំងនេះ​មានកម្ម​វិធី​ទាក់ទាញ​ច្រើន ហើយ​អាច​ដើរ​សម្ភារ ទំនិញ និង​ដើរ​ក​ន្សា​ន្ត​យ៉ាង​សប្បាយ​។ អីចឹង យើង​សុំ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​បន្តិច ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​គ្នា »​។

ប្រធាន​មន្ទីរ​ទេស​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ខេត្ត​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​សេវា​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដោយ​បាន​សហការ​ជាមួយ​ដៃគូ​ឯកជន និង​ប្រជាពលរដ្ឋ ។
លោក ប៊ុ​ន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង មាន​ប្រសាសន៍​ថា ៖« ខេត្ត​បាន​ត្រៀម​កន្លែង​ស្នាក់​នៅ​ជូន​ភ្ញៀវ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​ចំនួន​១.៨០០​បន្ទប់ ហើយ​យើង​បាន​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​ដើម្បី​ឱ្យ​ភ្ញៀវ​របស់​យើង​ឆ្លង​ទៅ​ស្នាក់​នៅ​បាន​ជាង​១.០០០​បន្ទប់​បន្ថែម​ទៀត »​។ លោក​បន្ថែម​ថា ៖« ទន្ទឹម​នឹង​នេះ យើង​បាន​សហការ​ជាមួយ​អាជ្ញាធរ អង្គភាព​ពាក់ព័ន្ធ និង​វត្ត​អារាម រួម​នឹង​ប្រជាពលរដ្ឋ ធ្វើ​យ៉ាងម៉េច​រៀបចំ​ឱ្យ​មាន​កន្លែង​ស្នាក់​នៅ​ជូន​ភ្ញៀវ ។ ក្រៅពី​នេះ យើង​បាន​រៀបចំ​កន្លែង​នៅ​សាលាខេត្ត​ចាស់ និង​ទីលាន​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មាន​បន្ទប់ទឹក​គ្រប់គ្រាន់ ហើយ​យើង​ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មក​បោះ​ស្តង់​ប្រហែល​៥០០​ស្តង់​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​។ ដូច្នេះ យើង​មាន​ជំនឿ​ថា អាច​នឹង​គ្រប់គ្រាន់ »​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​ឯ​សាលាខេត្ត​កោះកុង កន្លង​មក​ថា ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ ក្រសួង​នឹង​ធ្វើ​ឲ្យ​ធំ និង​មាន​ភាព​អធិកអធម​ជាង​មុន​សម្រាប់​ខេត្តកោះកុង ដែល​នឹង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ពិធី​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ក្នុង​ឆ្នាំ​២០១៨​នេះ ខណៈ​លើក​ទី​១ បាន​ប្រារព្ធ​ធ្វើ​កាលពី​ឆ្នាំ​២០១៤ ដោយ​មាន​ភ្ញៀវ​ចូលរួម​ជាង​១០​ម៉ឺន​នាក់ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ លោក​រំពឹង​ទុក​ថា នឹង​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ ។

បើ​តាម​លោក​រដ្ឋមន្ត្រី បុណ្យ​សមុទ្រ​ដែល​មាន​រយៈពេល​៣​ថ្ងៃនេះ មានកម្ម​វិធី​ច្រើន​ជាង​មុន ធំ​ជាង​មុន ជាមួយនឹង​ការ​អញ្ជើញ​ក្រុម​សិល្បៈ និង​ក្រុមកីឡា​មក​ពី​ប្រទេស​ជិតខាង ដូច​ជា ថៃ ឡាវ និង​វៀតណាម​ចូលរួម ដើម្បី​ញ៉ាំង​ឲ្យ​ពិធីបុណ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ។ លោក​ថា ៖« ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ យើង​រៀបចំ​ឲ្យ​ប្លែក និង​ធំ​ជាង​ឆ្នាំ​មុន នៅ​ត្រង់​ថា យើង​នឹង​រៀបចំ​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​ដែល​បាន​លើក​ឡើង​ខាងលើ ដើម្បី​ស្រូប​ទាញ​ទេសចរ​ទៅ​កាន់​តំបន់​នោះ » ។ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី មាន​ប្រសា​ន៍​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​សមុទ្រ និង​ចូលរួម​ថែរក្សា​បរិស្ថាន​សមុទ្រ​ឲ្យ​បាន​ស្អាត និង​និរន្តរភាព ពិសេស​ជា​ការ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​ទៅ​កាន់​ពិភពលោក ឲ្យ​បាន​ស្គាល់​ច្រើន​ថែម​ទៀត ។ លោក​បន្ត​ថា ៖« ពិធី​នេះ​ក៏​ជា​ការ​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សហគមន៍​ជុំវិញ​តំបន់​នោះ ដោយ​ពួក​គេ​អាច​លក់​ផលិតផល​របស់​ពួក​គេ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ » ។
លោក​បន្ថែម​ថា ៖« វិស័យ​ទេសចរណ៍​ជា​វិស័យ​ស្នូល​មួយ​ក្នុង​ការ​បង្កើត​សកម្មភាព​សេដ្ឋកិច្ច ដោយ​ភ្ញៀវ​ទេសចរ​ទៅ​ដល់​ទីណា សកម្មភាព​សេដ្ឋកិច្ច​បាន​បង្កើត​ឡើង​នៅ​ទីនោះ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ