ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​កំពុងដុត​ដៃ​ដុត​ជើង​ស្វែង​រក​មនុស្ស​ម្ភៃ​នាក់​បាត់​ខ្លួន​នៅ​ពេល​ផ្ទុះ​ភ្នំ​ភ្លើង​

1 នាទី មុន

ទី​ក្រុង​ហ្សាកាតា៖ ​ក្រោយ​ហេតុ​ការណ៍​ផ្ទុះ​ភ្នំ​ភ្លើង​ដ៏​កក្រើក​ព្រះ​ធរណី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី មនុស្ស​ម្ភៃ​នាក់​ស្រាប់​តែ​បាត់​ខ្លួន​មួយ​រំពេច​ ក្នុង​នោះ​ក៏​មាន​ជន​ជាតិ​សិង្ហ​បុរី​៩​នាក់​ផង​ដែរ​។ ហេតុ​នេះ ​អាជ្ញា​ធរ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​តាម​រក​ពួក​គេ​។ ភ្នំ​ភ្លើង​ឈ្មោះ​ឌូ​កូណូ (Dukono) នៅ​លើ​កោះ​ហាល់​ម៉ា​ហេរ៉ា (Halmahera)…

ទី​ក្រុង​ហ្សាកាតា៖ ​ក្រោយ​ហេតុ​ការណ៍​ផ្ទុះ​ភ្នំ​ភ្លើង​ដ៏​កក្រើក​ព្រះ​ធរណី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី មនុស្ស​ម្ភៃ​នាក់​ស្រាប់​តែ​បាត់​ខ្លួន​មួយ​រំពេច​ ក្នុង​នោះ​ក៏​មាន​ជន​ជាតិ​សិង្ហ​បុរី​៩​នាក់​ផង​ដែរ​។ ហេតុ​នេះ ​អាជ្ញា​ធរ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​តាម​រក​ពួក​គេ​។ ភ្នំ​ភ្លើង​ឈ្មោះ​ឌូ​កូណូ (Dukono) នៅ​លើ​កោះ​ហាល់​ម៉ា​ហេរ៉ា (Halmahera) នៅ​សុខ​ៗ​ស្រាប់​តែ​ផ្ទុះ​ឡើង​យ៉ាង​គំហុក​ និង​ព្រួស​ផ្សែង​ហុយ​ទ្រលោម​កម្ពស់ដប់​គីឡូ​ម៉ែត្រ​ទៅ​លើ​មេឃ​។ មុន​ពេល​នោះ​បន្តិច​មាន​អ្នក​ទេស​ចរ​មួយ​ក្រុម​​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​លើ​ភ្នំ​នោះ​។

មន្ត្រី​ម្នាក់​ឈ្មោះ​អ៊ីវ៉ាន់​ រ៉ាម់​ដានី (Iwan Ramdani) ដែល​​ទទួល​បន្ទុក​ខាង​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​ថ្លែង​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​ក្រុម​ការ​ងារ​របស់​លោក​កំពុង​ចុះ​ទៅ​កន្លែង​កើត​ហេតុ​។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​ថា​មាន​មនុស្ស​រង​របួស​ដោយ​សារ​ហេតុ​ការណ៍​នេះ​នៅ​ឡើយ​ទេ​។ យោង​តាម​​របាយ​ការណ៍​ដែល​ក្រុម​ការ​ងារ​របស់​លោក​ទទួល​បាន​គឺ​ថា​មនុស្ស​ម្ភៃ​នាក់​ដែល​ត្រូវ​ស្វែង​រក​។ ភ្នំ​ភ្លើង​ឌូកូណូ​ស្ថិត​នៅ​ខាង​ជើង​ខេត្ត​ម៉ាលូគូ (Maluku) បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​វេលា​ម៉ោង​៧:៤១​ព្រឹក​ម៉ោង​នៅ​​ក្នុង​ស្រុក​។

ទី​ភ្នាក់​ងារ​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​តែ​បន្ត​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​កម្រិត​អាសន្ន​ទី​បី​។ លោក​អ៊ីវ៉ាន់​ រ៉ាម់​ដានីដែល​ជា​ប្រធាន​ក្រុម​អ្នក​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​នោះ​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ថា​ក្រុម​របស់​លោក​បាន​បញ្ជូន​កម្លាំង​រាប់​សិប​នាក់​មាន​តាំង​ពី​នគរ​បាល​មួយ​ចំនួន​ផង​ដែរ​ដើម្បី​ស្វែង​រក​អ្នក​ឡើង​ភ្នំ​ម្ភៃ​នាក់​ដែល​ជាប់​ផុង​នៅ​លើ​ភ្នំ​នោះ​។

លោក​សូម​បញ្ជាក់​ឡើង​វិញ​ថា​អ្នក​ឡើង​ភ្នំ​នោះ​៩​នាក់​ជា​ជន​ជាតិ​សិង្ហបុរី និង​ក្រៅ​ពី​នេះ​សុទ្ធ​តែ​ជា​ជន​ជាតិ​ឥណ្ឌូណេស៊ី​ទាំង​អស់​។ អាជ្ញា​ធរ​បាន​ចេញ​សេចក្ដី​អំពាវ​នាវ​ឱ្យ​​ប្រជាជន​កុំ​ធ្វើ​សកម្ម​ភាព​នៅ​ក្បែរ​ភ្នំ​នោះ​ឱ្យ​សោះ​ ហើយ​ត្រូវ​រក្សា​គំលាត​យ៉ាង​តិច​ក៏​៤​គីឡូ​ម៉ែត្រ​ដែរ​ពី​រណ្ដៅ​ភ្នំ​ភ្លើង​។ ​ទី​ភ្នាក់​ងារ​ភ្នំ​ភ្លើង​វិទ្យា​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​អាច​នឹង​មាន​ហានិ​ភ័យ​នៃ​ការ​ហូរ​ចាក​ពី​លើ​កំពូល​ភ្នំ​មក​ជើង​ភ្នំ​នូវ​កម្អែ​ភ្នំ​ភ្លើង​នៅ​ពេល​ដែល​​មាន​ភ្លៀង​ធ្លាក់​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ មិន​ទាន់​មាន​សេចក្ដីរាយ​ការណ៍​ថា​ការ​ផ្ទុះ​ភ្នំ​ភ្លើង​លើក​នេះ​បន្ទច់​បង្អាក់​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​នោះ​ទេ​៕ ប្រភព៖ ឆេន​ណល​ ញូស៍ អេស៊ា និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ