ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​កម្ពុជា ប្រាប់​ពី​របៀប​ការពារ​ខ្លួនពី​វីរុស​ហាន់​តា (Hantavirus)

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៦​នេះ បាន​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​ហាន់​តា (Hantavirus) ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៦​នេះ បាន​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​ហាន់​តា (Hantavirus) ។

ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា វីរុស​ហាន់​តា (Hantavirus) គឺជា​វីរុស​ដែល​អាច​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​លើ​មនុស្ស​។ រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​រក​ឃើញ​ករណី វីរុស​ហាន់​តា​លើ​មនុស្ស​នៅឡើយ​ទេ​។ មនុស្ស​អាច​ឆ្លង​វីរុស​នេះ​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​សត្វ​កកេរ​(​កណ្តុរ កំប្រុក ស្ពៃ សំពោច​) ជា​ពិសេស​ទឹកនោម លាមក និង​ទឹកមាត់​របស់​វា​។ ការ​ឆ្លង​តាម​រយៈ​ការ​ខាំ ឬ​ខ្មោច​ដោយ​សត្វ​កកេរ អាច​កើត​មាន ប៉ុន្តែ​កម្រ ។

ថ្មី​ៗ​នេះ​មានការ​ឆ្លង​ជំងឺ​បង្ក​ដោយ​វីរុស​ហាន់​តា រក​ឃើញ​លើ​ភ្ញៀវ​ធ្វើ​ដំណើរ​នៅ​លើ​នាវា ទេសចរណ៍​មួយ​គ្រឿង​ដែល​មាន​ទង់ជាតិ​ហូ​ឡង់ និង​ផ្ទុក​អ្នកដំណើរ​មក​ពី​២៨​ប្រទេស ដោយ​មាន​ករណី​សង្ស័យ ៨​នាក់ បញ្ជាក់​វិជ្ជមាន ៥​នាក់ និង​ស្លាប់ ៣​នាក់ ។

ការ​ឆ្លង​ត្រូវ​បាន​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​សត្វ​កណ្ដុរ នៅ​ភាគ​ខាងត្បូង​ប្រទេស​អា​ហ្ស​ង់​ទី​ន​។ អង្គការ​សុខភាព​ពិភពលោក​បាន​វាយតម្លៃ​ថា ហានិភ័យ នៃ​ការ​រាលដាល ជាស​កល​មាន​កម្រិត​ទាប ពីព្រោះ​វីរុស​ហាន់​តា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទេ ប៉ុន្តែ​ទោះ​យ៉ាងណា ក្រសួងសុខាភិបាល បាន​ផ្សព្វផ្សាយ​ចំណេះដឹង និង​ណែនាំ​ដល់​ក្រុម​ឆ្លើយ​តប​បន្ទាន់ គ្រូពេទ្យ​ទូ​ទាំង​ប្រទេស អ្នក​ទទួល​ទូរ​សព្ទ​១១៥ និង​ផ្តល់​សារ​អប់រំ​សង្ខេប​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​បន្ត​ពង្រឹង​ការ​តាមដាន និង​ឆ្លើយ​តប​ជា​ប្រចាំ ហើយ​មាន​មន្ទីរពិសោធន៍​ដែល​មាន​លទ្ធភាព​ធ្វើតេស្ដ​រក​វីរុស​នេះ​ផង​ដែរ ។

វីរុស​ហាន់​តា អាច​បង្ក​ជំងឺ​សំខាន់​ៗ ចំនួន​២​ទម្រង់​៖
ទម្រង់​ទី​១ ជា​ជំងឺ​ដែល​ប៉ះពាល់​ដល់​សួត និង​ប្រព័ន្ធ​ដកដង្ហើម​។ វីរុស​ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ទ្វីប អា​មេ​រិ​ក​។
ទម្រង់​ទី​២ ជា​ជំងឺ​ដែល​បង្ក​ឱ្យ​មាន​គ្រុនក្ដៅ ហូរ​ឈាម និង​ប៉ះពាល់​ដល់​តម្រងនោម​។ វីរុស​ប្រភេទ​នេះ​ត្រូវ បាន​រក​ឃើញ​ភាគច្រើន​នៅ​ទ្វីបអឺរ៉ុប និង​ទ្វីបអាស៊ី ហើយ​ក៏​អាច​ឃើញ​នៅ​ទូ​ទាំង​ពិភពលោក​ផង​ដែរ​។

របៀប​ចម្លង​៖
-​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​សត្វ​កកេរ​(​កណ្តុរ កំប្រុក ស្កា សំពោច​)​ជា​ពិសេស​ទឹកនោម លាមក ទឹកមាត់ និង​ធូលី​ស្ងួត​នៅ​កន្លែង​ដែល​មាន​លាមក ឬ​ទឹកនោម​សត្វ​កកេរ​ដែល​ឆ្លង​វីរុស​ហាន់​តា​។
-​តាម​រយៈ​ការ​ខាំ ឬ​ខ្វាច​ដោយ​សត្វ​កកេរ អាច​កើត​មាន ប៉ុន្តែ​កម្រ​។
-​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​អាច​កើត​មាននៅ​កន្លែង​ផ្ទុះ​រាតត្បាត​មួយ​ចំនួន​នា​ពេល​កន្លង​មក​។

រោគ​សញ្ញា​៖
-​អស់កម្លាំង គ្រុនក្តៅ ឈឺ​សាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត រាក ក្អក ពិបាក​ដកដង្ហើម​។
-​ករណី​ធ្ងន់ធ្ងរ​អាច​បណ្តាល​ឱ្យ​រលាក​សួត និង​ខ្សោយ​ប្រព័ន្ធ​ដកដង្ហើម និង​ហូរ​ឈាម​ក្នុង​សរីរាង្គ
-​បច្ចុប្បន្ន​នេះ​មិន​មាន​ឱសថ ឬ​វ៉ាក់សាំង​ជាក់លាក់​ណាមួយ​សម្រាប់​ការពារ​ការ​ឆ្លង​វីរុស​ហាន់​តា នៅឡើយ មាន​តែ​ការ​ព្យាបាល​ថែទាំ​គាំទ្រ​ទៅ​តាម​ទម្រង់​នៃ​ជំងឺ​ប៉ុណ្ណោះ​។

របៀប​បង្ការ​៖
-​រក្សា​អនាម័យ​ផ្ទះសម្បែង កន្លែងធ្វើការ និង​បរិស្ថាន​ជុំវិញ​ឱ្យ​ស្អាត​។
-​បិទ​ច្រកចូល​របស់​សត្វ​កកេរ​ជា​ពិសេស​កណ្តុរ និង​កម្ចាត់​កន្លែង​ដែល​អាច​ជា​ជម្រក​របស់​សត្វ​កកេរ​។
-​រក្សា​ទុក​អាហារ និង​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ មាន​សុវត្ថិភាព មិន​ឱ្យ​សត្វ​កកេរ​(​សត្វ​កណ្ដុរ​) ចូល​ប៉ះពាល់​។
-​ពេល​សម្អាត​កន្លែង​ដែល​មាន​សត្វ​កកេរ​(​សត្វ​កណ្ដុរ​) ត្រូវ​ពាក់​ម៉ាស់ និង​ស្រោមដៃ ហើយ​ប្រើ​ទឹក សាប៊ូ ឬ​ទឹក​លាយ​សារធាតុ​ក្ល​រី​ន​សម្រាប់​សម្អាត​។
-​មិន​ត្រូវ​បោស​ធូលី​ស្ងួត​នៅ​កន្លែង​ដែល​មាន​លាមក ឬ​ទឹកនោម​សត្វ​កកេរ​(​សត្វ​កណ្តុរ​) ព្រោះ​អាច​បង្ក ឱ្យ​វីរុស​ហើរ​ចូល​ខ្យល់​និង​ចម្លង​មក​ចូលខ្លួន​យើង​បាន​។
-​ធ្វើ​ឲ្យ​កន្លែង​ដែល​មាន​លាមក​សត្វ​កណ្តុរ​សើម​សិន​មុន​ពេល​សម្អាត ហើយ​ជៀសវាង​ការ​បោសសម្អាត
ស្ងួត ឬ​បូម​ធូលី​លាមក​សត្វ​កកេរ​។
-​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ​និង​ទឹក​ស្អាត​ឱ្យ​បាន​ញឹកញាប់​។
-​ក្នុង​ករណី​មាន​អាកា​រៈ​សង្ស័យ​ដូច​ជា គ្រុនក្តៅ ក្អក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ត្រូវ​បាន​ខាំ ឬ​ប៉ះ ពាល់​ជាមួយ​សត្វ​កកេរ (​កណ្តុរ កំប្រុក ស្កា សំពោច​) ទឹករងៃ ទឹកនោម លាមក ឬ​មាន​ប្រវត្តិ​ធ្វើ ដំណើរ​មក​ពី​តំបន់​ដែល​រាតត្បាត​ដោយ​ជំងឺ​បង្ក​ដោយ​វីរុស​ហាន់ ក្នុង​រយ​:​ពេល​ពី​១​ទៅ​៨​ស​ប្តា​ហ៍ កន្លង​មក សូម​ទៅ​ពិនិត្យ​និង​ពិគ្រោះ​យោបល់ ជាមួយ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោក អ្នកជា​បន្ទាន់​។
-​បុគ្គលិក​ថែទាំ​សុខភាព​ដែល​មើល​ថែទាំ​អ្នកជំងឺ​សង្ស័យ ឬ​បញ្ជាក់​ថា​មានការ​ឆ្លង​ដោយ​មន្ទីរពិសោធន៍ ត្រូវ​អនុវត្ត​ការ​ប្រុង​ប្រយ័ត្ន​គ្រប់គ្រង​ការ​ចម្លងរោគ​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ