រាជធានីភ្នំពេញ ៖ ស្ត្រីរងគ្រោះ២នាក់ម្តាយ និងកូនដែលត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកពីក្រោយម៉ូតូរបួសធ្ងន់សន្លប់កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៧ ឧសភា ២០១៣ បានទទួលអំណោយជាថវិកាចំនួន២០០ដុល្លារ និង២០ម៉ឺនរៀលពីសប្បុរសជនតាមរយៈសារព័ត៌មានកោះសន្តិភាពនាំយកទៅផ្តល់ជូនដល់ទីកន្លែងស្នាក់នៅ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៧ ឧសភា ២០១៣ នៅចំណុចភូមិអូរពោធិ៍ ឃុំរម្យមុនី ស្រុករវាង ខេត្តព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿងជិះបុកពីក្រោយម៉ូតូធុនសេ១២៥បណ្តាលឱ្យមនុស្សប្រុស ស្រី៣នាក់ជាម្តាយ កូនស្រី និងចៅប្រុសរបួសធ្ងន់សន្លប់នៅនឹងកន្លែង ។ ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកស្ត្រីរងគ្រោះ២នាក់ម្តាយ និងកូនត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយស្នាក់នៅអគារក្រីក្រ។
ស្ត្រីរងគ្រោះជាម្តាយឈ្មោះខាន់ សារុន អាយុ៥២ឆ្នាំ ជាកម្មករជំរះស្មៅនៅចំការកៅស៊ូ មានទីលំនៅភូមិប្ញស្សីដូច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ របួសបាក់ឆ្អឹងជំនីអស់២កង់ និងបែកក្បាល បច្ចុប្បន្នស្នាក់នៅផ្ទះបងប្រុសពិការជើង នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ចំណែកកូនស្រីឈ្មោះដុក ស្រីរ័ត្ន អាយុ១៨ឆ្នាំ បាក់ថ្គាម និងបាក់ជើងស្តាំ រីឯចៅប្រុស អាយុទើបតែ១ខួបកន្លះរងរបួសធ្ងន់។
ចែករំលែកព័តមាននេះ