ខេត្តសៀមរាប ៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ត្រូវបានកម្លាំងប៉េអឹមប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌កងរាជអាវុធហត្ថចុះបង្ក្រាបបាននៅ២កន្លែងផ្សេងគ្នាកាលពីយប់ថ្ងៃទី១៥ មិថុនា ២០១៣ ។ ការចុះបង្ក្រាបនេះដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ដោយលោកទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ជនសង្ស័យដែលត្រូវកម្លាំងប៉េអឹមឃាត់ខ្លួន ម្នាក់ឈ្មោះហេង សុផាវង្ស ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១E វិទ្យាល័យសម្តេចឪ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវកម្លាំងប៉េអឹមឆ្មក់ចាប់បានកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ មិថុនា ២០១៣ នៅក្នុងផ្ទះជនល្មើសស្ថិតក្នុងភូមិខាងលើ ដកហូតបានម្សៅគ្រើមម៉ាទឹកកកពណ៌សចំនួន៨កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង និងឧបករណ៍សម្រាប់ជក់មួយចំនួន និងម្នាក់ទៀតឈ្មោះឌួង ពុទ្ធិកា ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើតនៅខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅផ្ទះជួលនៅមុខផ្សារលើ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវកម្លាំងប៉េអឹមឃាត់ខ្លួននៅចំណុចស្តុបកោះកេរិ៍្តវេលាម៉ោង៨យប់ ថ្ងៃទី១៥ មិថុនា ២០១៣ ដកហូតបានម្សៅគ្រើមសថ្លា១កញ្ចប់ និងម៉ូតូវីវ៉ាពណ៌ខ្មៅ១គ្រឿង។
ជនសង្ស័យទាំង២នាក់នេះនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១៧ មិថុនា ២០១៣៕
ចែករំលែកព័តមាននេះ