ពលរដ្ឋអីុរ៉ង់កាលពីថ្ងៃទី១៤ មិថុនា បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីបន្តវេនពីលោកម៉ាមូដអាម៉ាឌីណឺហ្សាដ ។
អ្នកបោះឆ្នោតអីុរ៉ង់ជាង៥០,៥លាននាក់ត្រូវទៅកាន់ហឹបឆ្នោតដើម្បីជ្រើសរើសមនុស្សម្នាក់បន្តវេនពីលោកអាម៉ាឌីណឺហ្សាដសម្រាប់អាណត្តិមួយមានរយៈពេល៤ឆ្នាំ ព្រោះលោកអាម៉ាឌីណឺហ្សាដពុំអាចប្រជែងយកអាណត្តិទី៣មួយទៀតជាប់គ្នាឡើយ ។
ការិយាល័យបោះឆ្នោតបានបើកទ្វារនាវេលាម៉ោង៨ព្រឹក ម៉ោងក្នុងស្រុក ហើយត្រូវបិទ១០ម៉ោងបន្ទាប់ពីនេះ ។ ពេលរដ្ឋអីុរ៉ង់នាថ្ងៃទី១៤ មិថុនានោះ ក៏ត្រូវបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងផងដែរ ។ មេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ិស្លាមអីុរ៉ង់ លោកអាយ៉ាតុលឡា អាលី ខាមីនី ដែលអំពាវនាវឱ្យមានការចូលរួមបោះឆ្នោតឱ្យបានច្រើនបំផុតនោះ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបោះឆ្នោតមុនគេក្នុងការិយាល័យបោះឆ្នោតមួយនៃក្រុងតេហេរ៉ង់ ។
ការបោះឆ្នោតជុំទី២នឹងធ្វើនាថ្ងៃទី២១មិថុនា ប្រសិនបើក្នុងចំណោមបេក្ខជនទាំង៦រូប ពុំមានបេក្ខជនណាម្នាក់អាចទទួលបានសំឡេងពី៥០,១% ឡើងទៅទេនោះ ។ លទ្ធផលដំបូងនៃការបោះឆ្នោតនាពេលនេះអាចដឹងនាថ្ងៃទី១៥ មិថុនា៕
ចែករំលែកព័តមាននេះ