ប្រទេសចិននាពេលថ្មីៗនេះបានចេញសេចក្តីព្រាងច្បាប់មួយស្តីពីការផាកពិន័យដល់ស្ត្រីទាំងឡាយណាដែលមានផ្ទៃពោះសម្រាលកូនដោយគ្មានប្តីស្របច្បាប់… ពោលគឺសេពគប់មិត្តប្រុសរហេតរហូតជ្រុលដល់ទៅរួមរ័កមិនប្រើស្រោមអនាម័យនាំឱ្យមានកូន ឬខ្វះសេចក្តីថ្លៃថ្នូរក្នុងការរួមរ័ក និងព្រមទាំងទប់ស្កាត់អំពើសហាយស្មន់លួចលាក់ផងដែរ ។
សេចក្តីព្រាងច្បាប់នេះ ពិតមែនតែវាល្អម្យ៉ាង តែវាធ្វើឱ្យប៉ះពាល់ម្យ៉ាង ហើយនាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅទីក្រុងវូហាន ខេត្តហូបេ ប្រទេសចិន ដោយហេតុថា អាចនាំឱ្យមានការរើសអើងនិងបង្កឱ្យមានអត្រាបោះបង់ទារកចោលកាន់តែច្រើនឡើង ។ ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងក្រុងវូហាន បានបញ្ជាក់ថា រដ្ឋភិបាលក្នុងក្រុងនេះ នឹងផាកពិន័យដល់ស្ត្រីមិនទាន់មានប្តី តែមានកូនជាមួយបុរសដែលគេមានគ្រួសាររួចហើយ។
ការព្រាងច្បាប់ខាងលើក្នុងគោលដៅទប់ស្កាត់ស្ត្រីដែលមិនចង់យកប្តី ប៉ុន្តែចង់បានកូន ឬចូលចិត្តរួមរ័កជាមួយមិត្តប្រុសរហេតរហូតមានកូនឥតខាន់ស្លា ឬស្ត្រីដែលមានកូនរកឪពុកមិនឃើញដែលវានាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរស្ត្រីស្មារតី និងផលវិបាកកុមារ ។ ចំពោះស្ត្រីដែលបម្រើការងាររដ្ឋ ប្រសិនបើមានកូនគ្មានប្តីនឹងទទួលទោសធ្ងន់ធ្ងរជាងស្ត្រីធម្មតា ។ ក្រុមអ្នកឯកទេស មិត្តអ្នកតាមដានព័ត៌មាន និងពលរដ្ឋនៅក្រុងវូហាន បានប្រឆាំងយ៉ាងខ្លាំងទៅនឹងការព្រាងច្បាប់នេះដោយលើកហេតុផលថា អាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ។ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យវូហាន បានឱ្យដឹងថា ស្ត្រីមិនទាន់មានប្តីអាចចង់បានកូនតាមចិត្ត តាមរយៈការចាក់មេជីវិតបង្កកំណើតបាន។ តើសកម្មភាពនោះត្រូវរងការផាកពិន័យដែរឬអត់?
សេចក្តីព្រាងច្បាប់ខាងលើ កើតឡើងក្រោយពេលដែលមានស្ត្រីជាច្រើនមិនទាន់មានប្តី តែមានកូន ហើយខ្លះទៀតក៏បានបង្កើតកូនរួចបោះបង់ចោលនៅទីសាធារណៈ ដោយសារខ្មាសញាតិមិត្តនៅឯស្រុកកំណើតពេលដឹងថា កូនចៅទៅរកស៊ីនៅឆ្ងាយ ហើយមានកូនជាមួយប្រុសណាមួយដែលមិនមែនជាប្តី ។ ជាក់ស្តែងដូចករណីស្ត្រីម្នាក់នៅខេត្តវូហាន បានកើតកូនដោយមិនដឹងខ្លួន នៅក្នុងបន្ទប់ទឹកធ្វើឱ្យទារកនោះធ្លាក់ហូរចូលក្នុងបំពង់ទុយោបង្គន់ តែទារកមានសំណាងម្នាក់នោះត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ